Cctimesw1140xh150cm copy

កម្ពុជាស្ថិតនៅជួរមុខនៃការអភិរក្សប្រភេទ«សត្វត្រយ៉ង»ក្នុងពិភពលោក

សង្គម
/
អ្នកយកព័ត៌មាន:
សុីសុីថាមស៍
/

ភ្នំពេញ៖ ក្រុមការងារអភិរក្សសត្វត្រយ៉ង នៅកម្ពុជា (CIWG) បានចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំ២០២៣ នៅថ្ងៃសុក្រ ទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ ដើម្បីអបអរសាទរចំពោះកិច្ចសហការប្រឹងប្រែងលើការអភិរក្សយ៉ាងយកចិត្តទុកដាក់ ចំពោះប្រភេទសត្វត្រយ៉ងជិតផុតពូជរបស់កម្ពុជា គឺសត្វត្រយ៉ងយក្ស (Thaumatibis gigantea) និង សត្វត្រយ៉ងចង្កំកស (Pseudibis davisoni)។ របាយការណ៍នេះបង្ហាញពីការសម្រេចបានសំខាន់ៗដែលបានធ្វើឡើងក្នុងកិច្ចការពារ និង អភិរក្សប្រភេទសត្វដែលជានិមិត្តរូបទាំងពីរនេះក្នុងកំឡុងពេលចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣។

យោងតាមរបាយការណ៍ នៅឆ្នាំ២០២៣ ក្រុមការងារសត្វត្រយ៉ងនៅកម្ពុជា សម្រេចបាននូវសមិទ្ធផលដ៏គួរឱ្យកត់សម្គាល់ក្នុងកិច្ចការអភិរក្ស ដែលក្នុងនោះមានដូចជាការបង្កាត់ពូជសត្វត្រយ៉ងចង្កំកស បានជោគជ័យជាលើកដំបូងសំរាប់កម្ពុជាក៏ដូចជាសម្រាប់សកលលោក និង កិច្ចខិតខំប្រឹងប្រែងនៅលើទីវាល បានរកឃើញសំបុកសត្វត្រយ៉ងយក្សច្រើនជាង ៤០សំបុក។ ការបន្តពូជរបស់សត្វត្រយ៉ងចង្កំកស ដោយកូនកើតថ្មីចំនួន១៧៥ក្បាល បានហើរចេញពីសំបុកដោយជោគជ័យ។

បើតាមរបាយការណ៍ បានកត់ត្រាសត្វត្រយ៉ងចង្កំកស ចំនួន ៧៨៤ក្បាល ដែលជាចំនួនច្រើនគួរឱ្យចាប់អារម្មណ៍ព្រោះវាស្មើនឹង៨៧ ទៅ៩៥% នៃចំនួនប្រជាសាស្ត្រសត្វត្រយ៉ងចង្កំកស ដែលមាននៅក្នុងពិភពលោក។ ការកត់ត្រាបានចំនួនដ៏ច្រើននេះបញ្ចាក់អំពីសមិទ្ធផលសម្រេចដ៏ធំនៃការងារអភិរក្សនាពេលកន្លងមក។

លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានថ្លែងប្រាប់ ស៊ីស៊ីថាមស៍ថា «ប្រទេសកម្ពុជាស្ថិតនៅលំដាប់ជួរមុខ នៃកិច្ចខិតខំប្រឹងប្រែងជាសាកលក្នុងការអភិរក្សសត្វត្រយ៉ងយក្ស និង សត្វត្រយ៉ងចង្កំកស ដែលភាគច្រើននៃចំនួនប្រជាសាស្ត្ររបស់ប្រភេទសត្វទាំងនេះ មានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា ច្រើនជាងគេបំផុតនៅក្នុងពិភពលោក។ នេះជាភាពជោគជ័យនៃកិច្ចខិតខំប្រឹងប្រែងអភិរក្សរបស់កម្ពុជាយើង ក្នុងការធានាបានកិច្ចការពារ ថែរក្សា និងអភិរក្សធនធានធម្មជាតិទាំងអស់នៅក្នុងតំបន់ការពារធម្មជាតិ»។

គួរបញ្ជាក់ថា សត្វត្រយ៉ងយក្ស និងសត្វត្រយ៉ងចង្កំកស កំពុងប្រឈមនឹងកត្តាគំរាមកំហែងជាច្រើនរួមមាន ការបាត់បង់ទីជម្រក និងសកម្មភាពរបស់មនុស្សដូចជាការបរបាញ់ជាដើម។ សត្វត្រយ៉ងយក្សដែលមានចំនួនតិចជាង ២០០ក្បាល នៅទូទាំងពិភពលោកត្រូវបានចាត់ជាបក្សីតំណាងជាតិរបស់កម្ពុជា ខណៈសត្វត្រយ៉ងចង្កំកស បាននិងកំពុងរងគ្រោះកាន់តែខ្លាំងឡើងៗ ទាមទារជាបន្ទាន់នូវកិច្ចខិតខំប្រឹងប្រែងអភិរក្សជាបន្ត៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង