ភ្នំពេញ៖អគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា នៅថ្ងៃទី ១ វិច្ឆិកានេះ បានសម្រេចបញ្ជូនយុវជនជាជនជាតិកូរ៉េខាងត្បូងម្នាក់ចេញពីប្រទេសកម្ពុជា និង ហាមមិនឱ្យចូលកម្ពុជាជាថ្មី ក្រោយពីយុវជនរូបនេះ ប្រឌិតព័ត៌មានមិនពិតពីប្រទេសកម្ពុជា។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា។
យុវជនជាតិជនជាតិកូរ៉េខាងត្បូងនេះ មានឈ្មោះថា CHOI TAEWON បានកុហសអាជ្ញាធរកម្ពុជាថា រូបគេត្រូវបានចាប់បង្ខាំងនៅទីតាំងមួយកន្លែងក្នុងខេត្តកណ្តាល។ក្រោយស្រាវជ្រាវពី ក្រុមប្រតិបត្តិការស៊ើបអង្កេត ស្រាវជ្រាវបណ្តាញនាំមនុស្សឆ្លងដែនខុសច្បាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ មិនមានសញ្ញាណរងគ្រោះដោយអំពើបង្ខាំង ឬ រងនូវទារុណកម្មណាមួយនោះឡើយ។
បើតាមសេចក្តីប្រកាសដដែល យុវជនកូរ៉េខាងត្បូងរូបនេះ បានព្យាយាមបិទបាំងព័ត៌មាន មិនផ្តល់កិច្ចសហការជាមួយអាជ្ញាធរកម្ពុជា ហើយថែមទាំងប្រឌិតព័ត៌មានបំភ្លៃកម្ពុជានាំឱ្យមានការភ័ន្តច្រឡំមតិសាធារណៈជនជាតិ និង អន្តរជាតិ។ដូច្នេះអាជ្ញាធរកម្ពុជាសម្រេចបណ្តេញជនជាតិកូរ៉េម្នាក់នេះចេញពីទឹកដីកម្ពុជា និង ហាមមិនឱ្យចូលប្រទេសកម្ពុជាជាថ្មី។