ភ្នំពេញ៖ ក្រុមយុវជនកម្ពុជាទទួលបានចំណាត់ថ្នាក់លេខ២ ក្នុងកម្មវិធីប្រកួត FIRST Global Challenge ឆ្នាំ២០២៤ ស្ដីពីការប្រកួតមនុស្សយន្តអន្តរជាតិ នៅទីក្រុងអាតែន ដែលមាន១៩៣ប្រទេសចូលរួម។
បើតាមគេហទំព័រហ្វេសប៊ុកនៃ First Global Team Cambodia បានឱ្យដឹងថា ក្រុមយុវជនកម្ពុជា បានចូលរួមប្រកួតក្នុងកម្មវិធី First Global Challenge ២០២៤ នៅប្រទេសក្រិក ទីក្រុងអាថែន ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤ កន្លងផុតទៅនេះ។
ជាសមិទ្ធផល ក្រុមយុវសិស្ស FIRST Global Team Cambodia 2024 បាននាំយកជ័យលាភីមេដាយលំដាប់ពិភពលោក ២ គ្រឿង មកជូនមាតុប្រទេស ក្រោយពីការខិតខំប្រកួតអស់រយៈពេល ៣ ថ្ងៃកន្លងមក ។
ក្រុមយុវសិស្ស FIRST Global Team Cambodia តំណាងប្រទេសកម្ពុជា ក្នុងការប្រកួត រ៉ូបូត៍ ថ្នាក់ពិភពលោក មកពី ១៩៣ ប្រទេស នៅទីក្រុងអាតែន ប្រទេសក្រិក បានបំបែកកំណត់ត្រាលទ្ធផលក្រុមកម្ពុជាជាលើកទី២ ដោយកាលពីឆ្នាំមុន ក្រុមកម្ពុជា បានទទួលលទ្ធផលល្អប្រសើរកាលពីឆ្នាំ២០២៣ ផងដែរ។
មេដាយជ័យលាភី ២ លំដាប់ពិភពលោក ដែល ក្រុមកម្ពុជា ទទួលបាននៅឆ្នាំ២០២៤នេះមានដូចជា៖
១. ជ័យលាភីមេដាយប្រាក់ លើប្រធានបទ Zhang Heng Award for Engineering Design
២. ជ័យលាភីមេដាយប្រាក់ (វគ្គគិតពិន្ទុជាក្រុម) FIRST Global Winning Alliance & Runners-Up
គួរបញ្ជាក់ផងដែរថា First Global Team Cambodia ត្រូវបានបង្កើតឡើនៅឆ្នាំ២០១៨ ដែលប្រមូលផ្តុំដោយសិស្សពីកម្រិតថ្នាក់ទី៩ដល់ថ្នាក់ទី១២ដែលបានធ្វើសកម្មភាពជាក្រុមមកពីសាលាផ្សេងគ្នាចំពោះការប្រកូតលើផ្នែករ៉ូបូត។ នៅឆ្នាំ២០២៤នេះក្រុម FIRST Global Team Cambodia ដែលនឹងប្រកួតនៅប្រទេសក្រិកក្រោមប្រធានបទ “ការផ្គត់ផ្គង់ស្បៀងអាហារសម្រាប់ពេលអនាគត” (Feed the Future)៕