ភ្នំពេញ៖ គណៈកម្មការរៀបចំកម្មវិធីជំរំយុវជនជាសកល ប្រកាសជ្រើសរើសបេក្ខជនប្រកួតរចនានិមិត្តសញ្ញា សម្រាប់ឆ្នាំ២០២៤ ដែលត្រូវនឹងឆ្នាំទី១០ នៃការរៀបចំកម្មវិធីជំរំយុវជនជាសកល ដែលនឹងទទួលស្នាដៃចាប់ពីថ្ងៃ ២៦ កញ្ញា ដល់ ១១ តុលា ២០២៤។
បើតាមគេហទំព័រនៃជំរំយុវជនជាសកល បានឱ្យដឹងថា លក្ខខណ្ឌដែលតម្រូវឱ្យចូលរួមក្នុងការប្រកួតរចនានិមិត្តសញ្ញាប្រចាំឆ្នាំ សម្រាប់កម្មវិធីជំរំយុវជនជាសកលលើកទី១០៖
- មានអាយុចន្លោះ ១៨ ដល់ ៣០ ឆ្នាំ
-ចូលរួមប្រកួតដោយបុគ្គល
- បេក្ខជនត្រូវផ្ញើជា Zip File ដោយភ្ជាប់មកជាមួយ Ai File ដែលរួមបញ្ចូលជាមួយអត្ថន័យ ប្រព័ន្ធពណ៌ និងពុម្ពអក្សរ
- ប្រសិនបើមានចំណង់ចំណូលចិត្ត និងបទពិសោធន៍លើការរចនានេះកាន់តែល្អ
ការប្រកួតរចនានិមិត្តសញ្ញាប្រចាំឆ្នាំ នេះនឹងធ្វើឡើងជាដំណាក់កាល ដើម្បីធានាបាននូវដំណើរការវាយតម្លៃប្រកបដោយតម្លាភាព យុត្តិធម៌ និងត្រឹមត្រូវច្បាស់លាស់៖
- ថ្ងៃទី២៦ ខែកញ្ញា ដល់ថ្ងៃទី១១ ខែតុលា ៖ បេក្ខជនទាំងអស់មានរយៈពេលពីរសប្តាហ៍ក្នុងការរចនានិមិត្តសញ្ញាប្រចាំឆ្នាំ របស់ខ្លួន
- ថ្ងៃទី១១ ខែតុលា ជាថ្ងៃផុតកំណត់ដែលបេក្ខជនត្រូវផ្ញើស្នាដៃរចនានិមិត្តសញ្ញា របស់ខ្លួនមកកាន់ក្រុមការងារសម្រាប់ធ្វើការវិនិច្ឆ័យ
- ថ្ងៃទី១៣ ខែតុលា៖ ការប្រកាសបេក្ខភាពទាំង៥ (Top 5)។ គណៈកម្មការនឹងផ្តល់មតិកែលម្អបន្ថែម និងទុកពេលសម្រាប់បេក្ខជនទាំង៥ដើម្បីកែតម្រូវ Logo របស់ខ្លួនសម្រាប់វគ្គជម្រុះចុងក្រោយ
- ថ្ងៃទី១៧ ខែតុលា៖ ជាថ្ងៃផុតកំណត់សម្រាប់ផ្ញើ Logo លើកទីពីររបស់បេក្ខជនទាំង៥មកកាន់ក្រុមការងារ
- ថ្ងៃទី១៨ ខែតុលា៖ ការប្រកាសលទ្ធផលជ័យលាភីចុងក្រោយ។
ចំណុចសំខាន់ៗដែលអ្នកចង់ប្រកួតរចនាស្លាកសញ្ញានេះមានដូចជា៖
- អនុញ្ញាតឱ្យប្រើពណ៌ដកស្រង់ចេញពី Logo កម្មវិធី និងពណ៌ដែលពាក់ព័ន្ធនឹងការបោះជំរំ
- មិនកំណត់ធាតុបញ្ចូលនៃនិមិត្ដសញ្ញា
- ការរចនាត្រូវតែមានលក្ខណៈដើម និងមិនបំពានលើកម្មសិទ្ធិបញ្ញា
- ការរចនាឆ្លុះបញ្ចាំងពីការបោះជំរំផ្សាភ្ជាប់ជាមួយយុវជន និងមានភាពច្នៃប្រឌិតខ្ពស់។
ប្រសិនបើមានចំណាប់អារម្មណ៍អាចមើលព័ត៌មានលម្អិត និងដាក់ពាក្យតាមរយៈតំណភ្ជាប់ https://bit.ly/10thSYC_LogoCompetition ឱ្យបានមុនថ្ងៃទី ១១ តុលា ២០២៤។
បេក្ខជនជ័យលាភីនឹងទទួលបាន សិទ្ធចូលរួមក្នុងនាមជាអ្នកស្ម័គ្រចិត្ត ឬ ប្រតិភូនៃជំរំយុវជនជាសកល លើកទី១០ ទទូលបានប្រាក់រង្វាន់ វិញ្ញាបនបត្របញ្ជាក់ពីជ័យលាភី ហើយ ក្រសួងនឹងប្រើប្រាស់និមិត្តសញ្ញាជ័យលាភីសម្រាប់ជំរំយុវជនជាសកលលើកទី១០។
គួរបញ្ជាក់ផងដែរថា គណៈកម្មការរក្សាសិទ្ធិក្នុងការដកបេក្ខភាពណាមួយដែលលួចចម្លង មិនគោរពលក្ខន្តិកៈ ខុសក្រមសីលធម៌ ឬមានការប្រមាថក្នុងទម្រង់ណាក្តីដែលប៉ះពាល់ដល់កម្មវិធី ចេញពីការប្រកួតទាំងស្រុង។