ភ្នំពេញ៖ មុខជំនាញវេជ្ជបណ្ឌិត ឬហៅសាមញ្ញថាពេទ្យ គឺជាជំនាញមួយដែលមានមនុស្សជាច្រើនចង់ប្រឡងចូលរៀន។ មុខជំនាញមួយនេះតម្រូវឲ្យមានការប្រឡងប្រជែងគ្នាក្នុងមុខវិជ្ជាមួយចំនួនដែលមុខវិជ្ជាទាំងនោះគឺស្រដៀងគ្នាទៅនឹងមុខវិជ្ជាសម្រាប់ប្រឡងមធ្យមសិក្សាទុតិយភូមិដែរ។ យុវតី សួន ផណ្ណារ័ត្ន ជាអតីតនិស្សិតផ្នែកវេជ្ចសាស្រ្តនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បានបញ្ជាក់ថា៖ « ដើម្បីប្រឡងពេទ្យជាប់ ខ្ញុំត្រូវទន្ទេញមេរៀនស្ទើរតែរាល់ថ្ងៃ»។
ជាការពិតណាស់ ការប្រឡងចូលមុខជំនាញវេជ្ជបណ្ឌិតគឺមិនសូវមានភាពខុសគ្នាពីការប្រឡងមធ្យមសិក្សាទុតិយភូមិទេ ពោលគឺត្រូវប្រឡងទៅលើមុខវិជ្ជាចំនួន៣មានដូចជា គណិតវិទ្យា ជីវវិទ្យា និងគីមីវិទ្យា ដែលត្រូវមានគ្រឹះនៃការសិក្សាតាំងពីនៅវិទ្យាល័យមក។
យុវតី សួន ផណ្ណារ័ត្ន ជាសិស្សនៃវិទ្យាល័យជាស៊ីមកំពង់ថ្ម ខេត្តកំពង់ធំ។ ផណ្ណារ័ត្ន ជាកូនច្បងក្នុងចំណោមបងប្អូនចំនួន៣នាក់ ហើយមានឳពុកម្តាយជាគ្រូបង្រៀននៅវិទ្យាល័យ។យុវតីរូនេះ បានប្រឡងជាប់មុខជំនាញវេជ្ជបណ្ឌិតនៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល(UHS) ហើយសព្វថ្ងៃនេះបានជាប់អាហារូបករណ៍មុខជំនាញផ្នែកវេជ្ជបណ្ឌិតទៅសិក្សានៅប្រទេសចិនរយៈពេលចំនួន៦ឆ្នាំ នៅសាកលវិទ្យាល័យ Huazhong University of Science and Technology ។
យុវតី២១ឆ្នាំរូបនេះ បានបន្ថែមទៀតថា៖ «ដើម្បីប្រឡងពេទ្យជាប់ ខ្ញុំមានវិធីសាស្រ្តនៃការសិក្សាដូចគ្នាទៅនឹងការសិក្សានៃការត្រៀមប្រឡងកាលពីថ្នាក់ទី១២ដែរ។ ខ្ញុំត្រូវបែងចែកកាលវិភាគរៀនទៅតាមថ្ងៃនីមួយៗ ហើយត្រូវកំណត់គោលដៅថាខ្លួនឯងចង់បានអ្វី។ កាលពីនៅថ្នាក់ទី១២ ក៏មានការសិក្សាទៅលើមុខវិជ្ជាទាំងនេះដែរ ដូច្នេះវាធ្វើឲ្យមានភាពងាយស្រួលមួយកម្រិត ព្រោះខ្ញុំបានសិក្សាវាពីមុនមក។ លើសពីនេះទៅទៀតខ្ញុំត្រូវខិតខំបន្ថែមទៀត គឺត្រូវការទន្ទេញមេរៀនស្ទើរតែរាល់ថ្ងៃ និងត្រូវធ្វើលំហាត់ដោយខ្លួនឯងឲ្យបានច្រើន។ ជាពិសេសត្រូវខិតខំស្រាវជ្រាវមេរៀនឬលំហាត់ណាដែលធ្លាប់ចេញប្រឡងពីមុនៗដោយខ្លួនឯង។ បន្ទាប់ពីគ្រូកែលំហាត់ឲ្យរួចហើយ ខ្ញុំត្រូវរៀនហ្វឹកហាត់ធ្វើដោយខ្លួនឯងរួចហើយផ្ទៀងផ្ទាត់ជាមួយចម្លើយម្តងទៀត។ ខ្ញុំចូលចិត្តទន្ទេញមេរៀននៅពេលព្រឹកព្រលឹម។ ជារួមគឺត្រូវមានមូលដ្ឋានគ្រឹះតាំងពីថ្នាក់ទី១២មកឲ្យបានច្រើន។ ទាំងនេះគឺជាជំហ៊ានមុនពេលប្រឡង។
នៅអំឡុងពេលកំពុងប្រឡង គឺមិនត្រូវមានភាពភ័យខ្លាចឡើយ ព្រោះភាពភ័យខ្លាចអាចធ្វើឲ្យមានផលប៉ះពាល់ដល់ស្មារតីក្នុងការប្រឡង។ មួយវិញទៀត នៅពេលដែលដល់ម៉ោងគ្រួចែកវិញ្ញាសាប្រឡង ត្រូវមើលសំណួរឲ្យបានយល់មុននឹងធ្វើចម្លើយ ហើយត្រូវធ្វើចម្លើយដែលចេះមុនពីព្រោះចំណេញពេលវេលា។
បន្ទាប់ពីធ្វើចម្លើយរួចរាល់ហើយ គឺត្រូវត្រួតពិនិត្យលើគ្រប់កិច្ចការទាំងអស់ដែលបានធ្វើ នេះបើនៅក្នុងករណីធ្វើហើយមុនម៉ោង។» ទាំងនេះគឺជារបៀបនៃការសិក្សារបស់ផណ្ណារ័ត្ន ដើម្បីទទួលបានការប្រឡងជាប់ជានិស្សិតពេទ្យនៅសាកលវិទ្យាល័យមួយដែលល្បីឈ្មោះនៅក្នុងប្រទេសកម្ពុជា។
ដូចនេះ បើសិនជាសិស្សានុសិស្សទាំងឡាយណាដែលមានបំណងចង់ក្លាយជានិស្សិតពេទ្យ គប្បីអនុវត្តន៍តាមវិធីសាស្ត្រខាងលើដើម្បីទទួលបានលទ្ធផលល្អ៕