ភ្នំពេញ៖គិតមកដល់ពេលបច្ចុប្បន្ននេះ គ្រោះទឹកជំនន់បានបង្កផលប៉ះពាល់ដល់ដំណាំនៅក្នុងខេត្តចំនួន ៧ ជាអាថិ៍៖ ខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី ត្បូងឃ្មុំ កំពង់ចាម កំពង់ធំ និងខេត្តសៀមរាប។ ក្នុងនោះ ផលប៉ះពាល់លើដំណាំរបស់ប្រជាពលរដ្ឋជាង១ម៉ឺនហិកតា។
អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កញ្ញា អ៊ឹម រចនា បានថ្លែងនៅព្រឹកថ្ងៃទី២៧ ខែកញ្ញានេះថា រហូតមកទល់ពេលនេះគ្រោះទឹកជំនន់បានបង្កផលប៉ះពាល់ដល់ដំណាំនៅក្នុងខេត្តចំនួន ៧ ជាអាទិ៍ ខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី ត្បូងឃ្មុំ កំពង់ចាម កំពង់ធំ និងខេត្តសៀមរាប។ក្នុងខេត្តទាំង៧នោះ ផលប៉ះពាល់លើដំណាំស្រូវមានចំនួន ១២ ០០៨ហិកតា ,ដំណាំស្បៀងរួមផ្សំចំនួន ៤៤៩ហិកតា និងដំណាំទ្រទ្រង់សេដ្ឋកិច្ចចំនួន ៨២២ ហិកតា។
បច្ចុប្បន្ននេះ អាជ្ញាធរ និង មន្ត្រីពាក់ព័ន្ធនៅតាមបណ្តាខេត្តដែលរងការជន់លិចទាំង៧ខាងដើមនោះ បានជម្លៀសពលរដ្ឋទាំងអស់ មកកាន់ទីទួលមានសុវត្ថិភាពរួចរាល់ហើយ ដោយមានការរៀបចំជាស្បៀងអាហារ និងសម្ភារៈប្រើប្រាស់មួយចំនួន។
យោងតាមព្រឹត្តបត្រព័ត៌មានកម្ពស់ទឹករបស់ក្រសួងធនធានទឹក និង ឧតុនិយមផ្សព្វផ្សាយនៅព្រឹកថ្ងៃទី២៧ ខែកញ្ញាឱ្យដឹងថា ម៉ោង ៧ព្រឹក ថ្ងៃទី២៧ ខែកញ្ញា នៅតាមបណ្ដាស្ថានីយជលសាស្ត្រមាន៖ ស្ថានីយជលសាស្ត្រទន្លេមេគង្គ ទន្លេសាប និង ទន្លេបាសាក់ ទឹកបាននិងកំពុងចាប់ស្រកជាបន្តបន្ទាប់។នេះជាសញ្ញាល្អសម្រាប់ប្រទេសកម្ពុជា៕