(ញូវយ៉ក,អាម៉េរិក)៖ ក្នុងជំនួបពិភាក្សាការងារទ្វេភាគី រវាងលោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា និងលោក Péter Szijjártó នៅទីស្នាក់ការអង្គការសហប្រជាជាតិ ទីក្រុងញូវយ៉ក។ ភាគីកម្ពុជា-ហុងគ្រី បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ស្តីពីកម្មវិធីផ្លាស់ប្តូរការអប់រំកម្រិតឧត្តមសិក្សាសម្រាប់ឆ្នាំ២០២៤-២០២៩ រវាងក្រសួងអប់រំ យុវជន និងកីឡា នៃប្រទេសកម្ពុជា និងក្រសួងវប្បធម៌ និងនវានុវត្តន៍ នៃប្រទេសហុងគ្រី។
បើតាមក្រសួងការបរទេសកម្ពុជា បានឲ្យដឹងថា លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ បានជួបពិភាក្សាការងារទ្វេភាគី ជាមួយ លោក Péter Szijjártó រដ្ឋមន្ត្រីក្រសួងការបរទេស និងពាណិជ្ជកម្មហុងគ្រី ក្នុងអំឡុងមហាសន្និបាតលើកទី៧៩ របស់ អង្គការសហប្រជាជាតិ នៅទីស្នាក់ការអង្គការសហប្រជាជាតិ ទីក្រុងញូវយ៉ក។
លោកឧបនាយករដ្ឋមន្ត្រី បានកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះវឌ្ឍនភាពនៃទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចជាន់ខ្ពស់ និងការពិគ្រោះយោបល់ទ្វេភាគីផ្សេងៗ រួមមានគណៈកម្មការចម្រុះនៃកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច កិច្ចពិគ្រោះយោបល់ទ្វេភាគី និងកិច្ចពិគ្រោះយោបល់ស្តីពីធម្មនុញ្ញសន្តិភាពរវាងសភាជាតិនៃប្រទេសទាំងពីរ។ លោក Péter Szijjártó បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងប្រទេសទាំងពីរ។
នៅចុងបញ្ចប់នៃជំនួប លោកឧបនាយករដ្ឋមន្ត្រី និងលោក Péter Szijjártó បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ស្តីពីកម្មវិធីផ្លាស់ប្តូរការអប់រំកម្រិតឧត្តមសិក្សាសម្រាប់ឆ្នាំ២០២៤-២០២៩ រវាងក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងវប្បធម៌ និងនវានុវត្តន៍ នៃប្រទេសហុងគ្រី៕