(ញូវយ៉ក,អាម៉េរិក)៖ លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសកម្ពុជា បានជួបពិភាក្សាការងារទ្វេភាគីជាមួយ លោក អង់ឌ្រី ស៊ីប៊ីហា រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន នៅទីស្នាក់ការអង្គការសហប្រជាជាតិ ទីក្រុងញូវយ៉ក។។ ក្នុងជំនួបទ្វេភាគីនេះ កម្ពុជា-អ៊ុយក្រែន បានសម្រេចលើកលែង«ទិដ្ឋការ»សម្រាប់លិខិតឆ្លងដែនការទូត និងផ្លូវការ។
ក្រសួងការបរទេសកម្ពុជាបានឲ្យដឹងថា នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៩ លោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាការងារទ្វេភាគីជាមួយ លោក អង់ឌ្រី ស៊ីប៊ីហា រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន នៅទីស្នាក់ការអង្គការសហប្រជាជាតិ ទីក្រុងញូវយ៉ក។
ភាគីទាំងពីរ បានពិភាក្សាលើកិច្ចខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់បន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការនៅក្នុងក្របខ័ណ្ឌពហុភាគី។ នាឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី និង លោក អង់ឌ្រី ស៊ីប៊ីហា បានចុះ ហត្ថលខាលើកិច្ចព្រមព្រៀងស្តីពីការលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត និងផ្លូវការ៕