Cctimesw1140xh150cm copy

ច្រាំងកសិន្ធុ«ប្រាសាទអង្គរវត្ត»គ្រោងនឹងបញ្ចប់ការជួសជុលនៅដើមឆ្នាំ២០២៥

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

សៀមរាប៖ អ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា បាននិងកំពុងជួសជុលច្រាំងកសិន្ធុប្រាសាទអង្គរ ផ្នែកខាងជើងស្ពានហាលប្រវែងចំនួន ២០ម៉ែត្រជាបន្តទៀត ក្នុងដំណាក់កាលទី៨ នៅឆ្នាំ២០២៤។ ដោយបច្ចុប្បន្ននេះ គិតទាំងនៅដំណាក់កាលទី៨នេះផង ការងារជួសជុលច្រាំងកសិន្ធុប្រាសាទអង្គរវត្ត ផ្នែកខាងជើងស្ពានហាល សរុបបានប្រវែងចំនួន១៦៣ម៉ែត្រហើយ។ ការងារជួសជុលនេះ គ្រោងនឹងបញ្ចប់នៅដើមឆ្នាំ២០២៥ខាងមុខនេះ។

អ្នកស្រី នង បូរ៉ាវី មន្រ្តីបច្ចេកទេសគ្រប់គ្រងការដ្ឋានជួសជុលច្រាំងកសិន្ធុប្រាសាទអង្គរវត្ត បានឱ្យដឹងថា ស្ថានភាពច្រាំងកសិន្ធុប្រវែង ២០ម៉ែត្រ ដែលត្រូវបន្តជួសជុលនេះ កាំជណ្តើរថ្មភក់មួយចំនួនស្រុតធ្លាក់ចូលក្នុងកសិន្ធុ និងកប់ក្នុងភក់ នាំឱ្យខូចខាតប្រមាណ ៦០ភាគរយ។

អ្នកជំនាញរូបនេះ បញ្ជាក់ថា ដំបូងគឺត្រូវធ្វើទំនប់ហើយបូមទឹកចេញ ធ្វើសម្រង់ប្លង់ សម្អាតកំណកដី ហើយលើកកាំជណ្តើរថ្មភក់ មកលាងសម្អាត ចុះបញ្ជីថ្ម គូសប្លង់លម្អិតស្ថានភាពដុំថ្មនីមួយៗមុននឹងជួសជុលពង្រឹងថ្មដែលខូចខាត។ ជួសជុលពង្រឹងគ្រឹះ ហើយរៀបកាំជណ្តើរថ្មបាយក្រៀមថ្មីចំនួន៧កាំ ជំនួសថ្មបាយក្រៀមចាស់ដែលខូចខាត។ បន្ទាប់មក រៀបកាំជណ្តើរថ្មភក់ចំនួន ៤កាំតាមលំនាំដើមឡើងវិញ។

អ្នកស្រី នង បូរ៉ាវី បន្ថែមថា ការដ្ឋានជួសជុលដែលស្ថិតនៅជាប់និងទឹកនេះ មានបញ្ហាប្រឈមមួយចំនួនត្រូវការពេលវេលា ការយកចិត្តទុកដាក់ អត់ធ្មត់ ការស្រឡាញ់ និងចង់ថែរក្សាមរតកដូនតា ដើម្បីឱ្យរឹងមាំគង់វង្សយូរអង្វែងបន្តទៀត។ មកដល់បច្ចុប្បន្ននេះ គិតទាំងនៅដំណាក់កាលទី៨នេះផង ការងារជួសជុលច្រាំងកសិន្ធុប្រាសាទអង្គរវត្ត ផ្នែកខាងជើងស្ពានហាល សរុបបានប្រវែងចំនួន១៦៣ម៉ែត្រហើយ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង