Cc time web banner 054637

បេក្ខជន ៤ ក្រុមនឹងប្រកួតជជែកដេញដោលពីមូលបទ «ស្រ្តី និងផ្នត់គំនិតយេនឌ័រក្នុងសតវត្សទី២១» នៅថ្ងៃទី ២៩ កញ្ញា

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ បេក្ខជន ៤ ក្រុម នឹងប្រកួតជជែកដេញដោលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពីមូលបទ «ស្រ្តី និងផ្នត់គំនិតយេនឌ័រក្នុងសតវត្សទី២១» នៅថ្ងៃទី ២៩ កញ្ញា ២០២៤ វេលាម៉ោង ១ ថ្ងៃត្រង់ ដល់ម៉ោង ៦ល្ងាច ដើម្បីលើកកម្ពស់ការយល់ដឹងពីប្រធានបទពាក់ព័ន្ធនឹងផ្នត់គំនិតយេនឌ័រ ព្រមទាំងសមភាពយេនឌ័រ។

បើតាមក្រុមការងារ RULErs បានឱ្យដឹងថា កម្មវិធីប្រកួតជជែកដេញដោល «ទស្សនៈយុវជន» រដូវកាលទី៤ ផ្តោតលើមូលបទ «ស្រ្តី និងផ្នត់គំនិតយេនឌ័រក្នុងសតវត្សទី២១» ដែលត្រូវបានសហការរៀបចំរវាង NGO-CEDAW និង RULErs ។ មកដល់ពេលនេះ បេក្ខជន បានឈានមកដល់ដំណាក់កាលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដែលមានបេក្ខជន ៤ក្រុម គឺក្រុម ឃ្ញុំមាលា , នារីបញ្ចយុទ្ធ,GEN Z’S GENIUS, និងក្រុមស្រមោចក្រហម ដែលក្នុងចំណោម ៤ ក្រុមនេះ មានតែពីរក្រុមតែប៉ុណ្ណោះនឹងឈានទៅកាន់វគ្គផ្តាច់ព្រ័ត្រ។

បើតាមក្រុមការងារ RULErs បានឱ្យដឹងទៀតថា ប្រធានបទដែលលើកយកមកប្រកួតនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រមានពីរធំៗ ដែលនឹងមានការប្រកួតពីរគូផ្សេងគ្នា។ ក្រុមឃ្មុំមាលា និងក្រុម GEN Z’S GENIUSនឹងប្រកួតគ្នាជជែកដេញដោលលើប្រធានបទ « ការកំណត់ចំនួនកូតាស្រ្តី និងអ្នកមានអត្តសញ្ញាណយេនឌ័រចម្រុះក្នុងវិស័យការងារជាកាតាលីករឱ្យមានសមភាពយេនឌ័រក្នុងសង្គម »។ ចំណែកឯក្រុមនារីបញ្ចយុទ្ធនិងក្រុមស្រមោចក្រហម នឹងប្រកួតគ្នាលើ ប្រធានបទ «ការបង្កើនចំនួនស្រ្តីក្នុងតួនាទីដឹកនាំ និងសម្រេចចិត្តគឺជាកត្តាដ៏មានប្រសិទ្ធភាពក្នុងការកសាងសង្គមដែលមិនមានការរើសអើងផ្អែកលើយេនឌ័រ »។

ទម្រាំមកដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ បេក្ខជនទាំង ១៦ រូប បានឆ្កងកាត់ដំណាក់កាលជាច្រើនដូចជា ការដាក់ពាក្យអនឡាញ ការសម្ភាស ការបណ្តុះបណ្តាលពីរលើក ដែលណែនាំពីមូលបទនៃការប្រកួតនៅឆ្នាំនេះ ព្រមទាំងតិចនិចក្នុងការនិយាយជាសាធារណៈក្នុងនាមជាអ្នកជជែកដេញដោលផងដែរ ដែលត្រូវបានបណ្តុះបណ្តាលដោយអ្នកដែលមានបទពិសោធន៍ដូចជា បុគ្គលិកនៃ NGO-CEDAW អ្នកនាង សៀក ពេជ្ររចនា និងលោក ងួន វ៉ាយុ ដែលជាអ្នកមានបទពិសោធន៍ និងទទួលបានជ័យលាភីក្នុងការប្រកួតជាច្រើនទាំងកម្មវិធីថ្នាក់ជាតិ។

នៅក្នុងការជជែកដេញដោលវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ «ទស្សនៈយុវជន» រដូវកាលទី៤ នឹងមានការចូលរួមដាក់ពិន្ទុដោយគណៈកម្មការវាយតម្លៃ៣រូប កញ្ញា អយ ម៉ារីនី លោក សោម ទីណា និង សុទ្ធ ពៅសំណាង។ គណៈកម្មការទាំង៣រូប សុទ្ធតែជាអ្នកដែលមានបទពិសោធន៍ពាក់ព័ន្ធជាមួយនឹងស្រ្តី ផ្នត់គំនិតយេនឌ័រ ការងារសង្គម និងបច្ចេកទេសនៅក្នុងការជជែកដេញដោល។

ការប្រកួតនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៩ កញ្ញា ២០២៤ ដែលនឹងធ្វើនៅទីតាំង Poulo Wai Hotel & Apartments ចាប់ពីម៉ោង ១ថ្ងៃត្រង់ ដល់ម៉ោង ៦ ល្ងាច។ ប្រសិនបើមានចំណាប់អារម្មណ៍ក្នុងការចុះឈ្មោះ សូមចូលទៅកាន់តំណភ្ជាប់ចុះឈ្មោះឱ្យបានរួសរាន់ ព្រោះចំនួនមានកំណត់។

គួរបញ្ជាក់ផងដែរថា ឆ្នាំនេះជាលើកទី៤ហើយដែលក្រុមការងារ RULErs និង NGO-CEDAW បានសហការគ្នាក្នុងការរៀបចំការប្រកួតជជែកដេញដោលលើប្រធានបទជុំវិញសិទ្ធស្រ្តី និងសមភាពយេនឌ័រ៕


Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង