សៀមរាប៖ រយៈពេល៣ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ យ៉ាងច្រើនកុះករស្កាត់មកពីទីជិតឆ្ងាយ សរុបជិត ៤ម៉ឺននាក់ បានទៅដល់មុខប្រាសាទអង្គរវត្តតាំងពីព្រលឹមស្រាងៗ ដើម្បីរង់ចាំទស្សនាទិដ្ឋភាពដ៏អស្ចារ្យ គឺព្រះអាទិត្យរះចំកំពូលកណ្តាលប្រាសាទអង្គរ។ ព្រះអាទិត្យរះចំកំពូលប្រាង្គកណ្ដាលប្រាសាទអង្គរវត្ត ជាបាតុភូតធម្មជាតិដ៏អស្ចារ្យ ដែលកើតឡើងនៅលើប្រាសាទបុរាណខ្មែរ។
ព្រះតេជគុណ សុង ពិសិដ្ឋ គង់នៅវត្តដំណាក់ ក្រុងសៀមរាប មានថេរដីកាថា នេះជាលើកទីពីរ ដែលព្រះតេជគុណ បាននិមន្តមកទស្សនាថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត បើទោះបីប៉ុន្មានថ្ងៃនេះអាកាសធាតុមិនអំណោយផលល្អ តែនេះជាព្រឹត្តិការណ៍ដ៏អស្ចារ្យ អាចទាក់ទាញទេសចរជាតិ និងអន្តរជាតិ រាប់ម៉ឺននាក់ ឱ្យចូលមកទស្សនាប្រាសាទអង្គរវត្ត និងប្រាសាទដទៃក្នុងតំបន់រមណីយដ្ឋានអង្គរ។
ចំណែកលោកយាយ ម៉ម វាត់ អាយុ៧៧ឆ្នាំ ភ្ញៀវទេសចរ រស់នៅក្នុងខេត្តពោធិសាត់ បានឱ្យដឹងថា នេះជាលើកទី៥ហើយ ដែលលោកយាយបានមកទស្សនាព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្តាលនៃប្រាសាទអង្គរវត្ត ព្រមទាំងបាននាំបងប្អូនញាតិមិត្តមកទស្សនាថែមទៀត។ លោកយាយថា បើទោះបីឃើញថា អាកាសធាតុមិនអំណោយផលល្អ តែលោកយាយនៅតែចង់មកទស្សនាប្រាសាទអង្គរវត្ត ព្រោះតែកោតសសើរស្នាដៃបុព្វបុរសខ្មែរ ដែលលោកបានកសាងអង្គរវត្ត និងប្រាសាទបុរាណជាច្រើនលើទឹកដីនៃខេត្តសៀមរាប។
សូមជម្រាបថា សមរាត្រី ឬព្រះអាទិត្យរះចំកំពូលកណ្តាលប្រាសាទអង្គរ ជាព្រឹត្តិការណ៍ដែលតែងតែកើតឡើងជាទៀងទាត់មួយឆ្នាំ ពីរដង គឺខែប្រាំងត្រូវនឹងខែមីនា និងខែវស្សាត្រូវនឹងខែកញ្ញា។ ប្រជាពលរដ្ឋខ្មែរ និងភ្ញៀវទេសចអន្ដរជាតិ ទន្ទឹងរង់មើលព្រឹត្តិការណ៍នេះ ដោយអន្ទះសា ទោះអ្នកខ្លះធ្លាប់បានមកទស្សនារួចហើយក៏ដោយ៕