ថៃ៖ ប្រទេសថៃចេញច្បាប់ថ្មីដោយអនុញ្ញាតឲ្យតែអ្នកមានជីវភាពក្រីក្រ និងជនជាតិថៃតែប៉ុណ្ណោះដែលអាចប្រកបរបររកស៊ីតាមចញ្ចើមផ្លូវបាន ហើយសម្រាប់ជនចំណាកស្រុកដែលមករកស៊ីនៅថៃប្រកបរបរតូចតាចតាមដងផ្លូវនិងមិនត្រូវអនុញ្ញាតទៀតឡើយ។ នេះបើយោងតាមសេចក្តីប្រកាសរបស់រដ្ឋាភិបាលថៃ។
តាមបទប្បញ្ញត្តិថ្មី អាជីវករលក់ដូរតាមដងផ្លូវត្រូវមានសញ្ជាតិថៃ កាន់ប័ណ្ណសុខុមាលភាពរបស់រដ្ឋាភិបាល ដែលទទួលបានប្រាក់ឧបត្ថម្ភសុខុមាលភាពពីក្រសួងអភិវឌ្ឍន៍សង្គម លើសពីនេះទៀតពួកគេត្រូវតែបញ្ចូលទៅក្នុងប្រព័ន្ធពន្ធប្រចាំឆ្នាំរបស់នាយកដ្ឋានចំណូល។ប្រាក់ចំណូលរបស់ពួកគេមិនត្រូវលើសពី 300,000 បាត (៩,០៦០ ដុល្លារអាម៉េរិក) ក្នុងមួយឆ្នាំបន្ទាប់ពីកាត់ការចំណាយទាក់ទងនឹងអាជីវកម្មលើការបង់ពន្ធរបស់ពួកគេឡើយ។
តាមច្បាប់ដដែលបានចែងថានៅតូបលក់ដូររបស់ពួកគេ អ្នកលក់ត្រូវតែធានាថាអ្នកថ្មើរជើងមានទីធ្លាធំទូលាយពី ១.៥ ទៅ ២ ម៉ែត្រសម្រាប់ដើរចូល ដោយផ្ទៃដីនៃតូបនីមួយៗត្រូវបានកំណត់ត្រឹមបីម៉ែត្រការ៉េតែប៉ុណ្ណោះហើយត្រូវមានចម្ងាយយ៉ាងតិច 50 សង់ទីម៉ែត្រពីផ្លូវដើរដើម្បីសុវត្ថិភាព៕