ភ្នំពេញ៖ បេក្ខជនចំនួន២០០នាក់ ក្នុងនោះស្ត្រី១៥២ នាក់ បានប្រឡងជាប់ជាស្ថាពរ នៃការប្រឡងប្រជែងយកក្របខណ្ឌ ធ្វើជាគ្រូមត្តេយ្យនៃក្រសួងអប់រំ យុវជន និងកីឡា។ បេក្ខជនប្រឡងជាប់ទាំង២០០នាក់នេះ នឹងទទួលបានការបណ្តុះបណ្តាលគរុកោសល្យនឹងធ្វើកម្មសិក្សាទទួលបានអាហាររូបករណ៍ ៧០ភាគរយនៃបៀវត្សរ៍សរុបនៃគ្រូបង្រៀនតាមប្រភេទក្របខណ្ឌ។
នាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមុខងារសារធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង បានធ្វើ ការប្រកាសលទ្ធផលប្រឡង លើកទី២ ជ្រើសរើសគ្រូមត្តេយ្យចំនួន ២០០នាក់បានប្រឡងជាប់ជាស្ថាពរក្របខណ្ឌនៃ ក្រសួងអប់រំ យុវជន និង កីឡា។
ការប្រឡងលើកទី២ មានបេក្ខជនចំនួន ៦៣២ នាក់(ស្រី៤៨៣ នាក់)ចូលរួមប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនមត្តេយ្យសិក្សា ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡា ។ ការប្រឡងប្រជែងជ្រើសរើសគ្រូមត្តេយ្យលើកទី២ បានប្រព្រឹត្តទៅកាលពីថ្ងៃទី១៥ ខែកញ្ញាឆ្នាំ២០២៤។
បេក្ខជនប្រឡងលើកទី២មានចំនួន៦៣២ នាក់ជ្រើសរើសយកតែចំនួន ២០០នាក់ ដើម្បីបណ្តុះបណ្តាលគរុកោសល្យ មុននឹងអនុញ្ញាតឲ្យទៅបង្រៀន នៅតាមបណ្តារាជធានី-ខេត្តទូទាំងប្រទេស ។ ការប្រឡងនិងកំណែវិញ្ញាសាប្រឡង ស្ថិតនៅក្រោមការសង្កេតឃ្លាំមើលដោយយក ចិត្តទុកដាក់ពីសំណាក់ក្រុមអ្នកសង្កេត ការណ៍មកពីអង្គភាពប្រឆាំង អំពើពុក រលួយនិងក្រុមអ្នកសង្កេតការណ៍មកពីក្រុមមហាជននៅគ្រប់ដំណាក់កាលប្រឡង និងកំណែវិញ្ញាសា នីមួយៗ។
សូមបញ្ជាក់ថា ការប្រឡងប្រជែងជ្រើសរើសក្រប ខណ្ឌគ្រូបង្រៀនមត្តេយ្យសិក្សា នៃក្រសួង អប់រំយុវជននិងកីឡា មានបេក្ខជនចូលរួមចំនួន១០,៥១១អង្គ-នាក់ (ស្រី ៩,០៤៣ នាក់)៕