ភ្នំពេញ៖ អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី ១៨ កញ្ញានេះ បានកោះហៅ«អ្នកបើកបរផ្តល់សេវាដឹកជញ្ជូនទំនិញ និងអាហារ»មកជួបសំណេះសំណាល និងផ្តល់ការណែនាំនានា ជាពិសេស ពាក់ព័ន្ធបញ្ហាចរាចរណ៍ ដែលរងការរិះគន់ជាច្រើនពីសាធារណៈជន។ពិធីនេះរៀបចំឡើងក្រោមវត្តមានរបស់លោក ស ថេត អគ្គស្នងការនគរបាលជាតិ។
លោក ស ថេត បានគូសបញ្ជាក់ថា អ្នកប្រកបរបរដឹកជញ្ចូនទំនិញ និង ម្ហូបអាហារមួយចំនួន តែងឧស្សាហ៍បើកបរលឿនៗ វ៉ាជែងល្មើសល្បឿន និង បំពានសិទ្ធិអាទិភាពអ្នកបើកបរដ៏ទៃ ដែលកត្តាទាំងនេះ បានជះនូវឥទ្ធិពលអាក្រក់ដល់របៀបរៀបរយលើដងផ្លូវសាធារណៈ ពិសេស ទទួលរងនូវការរិះគន់ច្រើនពីសំណាក់ប្រជាពលរដ្ឋដែលបានឃើញផ្ទាល់ និង តាមបណ្តាញសង្គមជាដើម។លោក បានណែនាំឱ្យ«អ្នកបើកបរផ្តល់សេវាដឹកជញ្ជូនទំនិញ និងអាហារ» គោរពច្បាប់ និង គិតពីអាយុជីវិតផ្ទាល់ខ្លួនជារឿងសំខាន់ និង អាទិភាពចំពោះមុខ កុំគិតតែការចង់បំពេញឱ្យទាន់ចិត្តចង់បានរបស់អតិថិជន ហើយភ្លេចគិតពីផលប៉ះពាល់ដល់ខ្លួនឯង។
ក្រៅពីនេះ លោក ស ថេត បានស្នើដល់ អ្នកបើកបរផ្តល់សេវាដឹកជញ្ជូនទំនិញ និងអាហារទាំងអស់ កុំទទួលរបស់បញ្ញើដែលខុសច្បាប់ ដូចជាគ្រឿងញៀន និង អាវុធជាតិផ្ទុះជាដើម ដើម្បីកុំឲ្យមានការជាប់ពាក់ព័ន្ធទៅនឹងបទល្មើសទាំងអស់នេះ ពីព្រោះថាជាអំពើខុសច្បាប់ លើកទឹកចិត្តទៅដល់ក្រុមហ៊ុន និងអ្នកដឹកជញ្ជូនទាំងអស់ ត្រូវរាយការណ៍មកខាងសមត្ថកិច្ច នៅក្នុងករណីដែលសង្ស័យថាមានការដាក់បញ្ញើខុសច្បាប់ ដើម្បីឲ្យសមត្ថកិច្ចធ្វើការស្រាវជ្រាវ និង ស្វែងរកនៅមុខសញ្ញាមកផ្ដន្ទាទោសទៅតាមផ្លូវច្បាប់។
យោងតាមរបាយការណ៍ពី អគ្គស្នងការរងនគរបាលជាតិ ទទួលផែនការងារចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ បានឱ្យដឹងថា ក្នុង០៨ខែដើមឆ្នាំ២០២៤នេះ គ្រោះថ្នាក់ចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ កើតឡើងដល់៥៩១ករណី ដែលបានឆក់យកអាយុជីវិតមនុស្សសរុប១៧៣នាក់ ។ ដែលក្នុង៥៩១ករណី មាន៦០ភាគរយកើតឡើងដោយសារការល្មើសល្បឿន និង៤០ភាគរយ បើកបរដោយធ្វេសប្រហែសមិនគោរពច្បាប់៕