ភ្នំពេញ៖ យុវជនកម្ពុជា First Global Team Cambodia នឹងចូលរួមប្រកួតក្នុងកម្មវិធី First Global Challenge នៅប្រទេសក្រិក ទីក្រុងអាថែន ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤ ខាងមុខនេះ។
បើតាមគេហទំព័រហ្វេសប៊ុក First Global Team Cambodia បានឱ្យដឹងថា មានយុវជនកម្ពុជា ១០ រូប ដែលបានជាប់ក្នុងការតំណាងប្រទេសកម្ពុជា ប្រកួតនៅប្រទេសក្រិក បន្ទាប់ពីឆ្លងកាត់ការដាក់ពាក្យប្រកួតជាមួយនឹងយុវជនកម្ពុជាមកពីសាលាផ្សេងៗគ្នា។
First Global Team Cambodia ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៨ ដែលប្រមូលផ្តុំដោយសិស្សពីកម្រិតថ្នាក់ទី៩ដល់ថ្នាក់ទី១២ដែលបានធ្វើសកម្មភាពជាក្រុមមកពីសាលាផ្សេងគ្នាចំពោះការប្រកូតលើផ្នែករ៉ូបូត។ នៅឆ្នាំ២០២៤នេះក្រុម FIRST Global Team Cambodia ដែលនឹងប្រកួតនៅប្រទេសក្រិកក្រោមប្រធានបទ “ការផ្គត់ផ្គង់ស្បៀងអាហារសម្រាប់ពេលអនាគត” (Feed the Future)ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤ នៅប្រទេសក្រិក ជាមួយនឹងយុវជនផ្សេងទៀតដែលមកពីបណ្តាប្រទេសជាង ១៩០ ។
បើតាមប្រភព បានឱ្យដឹងទៀតថា ឆ្នាំនេះ យុវជនកម្ពុជា បានប្រើនិមិត្តសញ្ញារូបគោ សម្រាប់រ៉ូបូតរបស់ខ្លួនដែលនឹងប្រកួតជាមួយនឹងបណ្តាប្រទេសផ្សេងទៀត។ និមិត្តសញ្ញាមានរូបគោនេះ ជានិមិត្តរូបនៃព្រះរាជពិធីច្រត់ព្រះនង្គ័ល ដែលជាពិធីបុរាណរបស់ខ្មែរ ដែលត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ដោយគោឧសភរាជចំនួនពីរក្បាល ក្នុងគោលបំណងផ្សងមើលប្រផ្នូលរបស់ស្រុកទេស ទៅតាមការបរិភោគរបស់ គោឧសភរាជ។ ព្រះរាជពិធីបុណ្យនេះ ក៏ជាការដាស់តឿនក្រើនរម្លឹក ដល់ប្រជាពលរដ្ឋខ្មែរត្រៀមខ្លួនចំពោះរដូវធ្វើស្រែចម្ការ ដែលផលិតផលកសិកម្មទាំងនោះជាវត្ថុធាតុដេីមសម្រាប់ផ្គត់ផ្គង់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខ្មែរ។
ទន្ទឹមនឹងនេះផងដែរ ដោយសារប្រធានបទក្នុងឆ្នាំនេះ គឺទាក់ទងនឹងនិរន្តរភាពចំណីអាហារ ដូចនេះ យុវជនបានជ្រើសរើសយកបង្កើតនិមិត្តសញ្ញានេះ ដើម្បីបញ្ចូលទៅក្នុងប្រធានបទ និងវប្បធម៌របស់ខ្មែរ។ លើសពីនេះទៅទៀត យើងក៏បន្ថែមរូបគោឧសភរាជយន្តក្នុងរូបសញ្ញា សម្រាប់តម្រូវតាមការប្រកួតប្រជែងរ៉ូបូត FIRST Global Challenge៕