ភ្នំពេញ៖ ក្រសួងបរិស្ថាន បានប្រារព្ធពិធីអបអរសាទរទិវាអូហ្សូនអន្តរជាតិ ១៦ កញ្ញា ២០២៤ ក្រោមប្រធានបទ «ខួបទី៣៧ឆ្នាំនៃពិធីសារម៉ុងរ៉េអាល់៖ ការជំរុញសកម្មភាពអាកាសធាតុ» នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន CJCC។ ព្រឹត្តិការណ៍នេះ រៀបចំឡើងដើម្បីអបអរសាទរសមិទ្ធផលនៃពិធីសារម៉ុងរ៉េអាល់ និងបន្តចូលរួមការពារបរិយាកាស និងស្រទាប់អូហ្សូន តាមរយៈការបំផុសស្មារតីប្រជាជន សិស្ស-និស្សិត ឱ្យមានការយល់ដឹង និងស្រលាញ់បរិស្ថាន។
នៅក្នុងសារលិខិតចូលរួមអបអរសាទរទិវាអូហ្សូនពិភពលោក លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន មានសារជូនថា ស្រទាប់អូហ្សូនត្រូវបានគម្រាមកំហែងយ៉ាងធ្ងន់ធ្ងរ និងប្រឈមទៅនឹងការធ្លុះធ្លាយ ដែលបង្កឡើងដោយសារធាតុបំផ្លាញស្រទាប់អូហ្សូន។ សារធាតុបំផ្លាញស្រទាប់អូហ្សូន គឺជាសារធាតុ ដែលត្រូវបានប្រើប្រាស់នៅក្នុងកំប៉ុងស្ពៃ និងបរិក្ខារត្រជាក់ ក្នុងនោះរួមមានសារធាតុក្លរ៉ូភ្លុយអរ៉ូកាបួន (CFC) និងសារធាតុហាយជ្រុំក្លរ៉ូភ្លុយអរ៉ូកាបូន (HCFC)។ សារធាតុទាំងនោះ ក៏មានសក្តានុពលធ្វើឱ្យ កើនកម្ដៅផែនដីខ្ពស់ផងដែរ។
នាពេលបច្ចុប្បន្ននេះ បរិក្ខារត្រជាក់បានរួមចំណែក ២០% នៃការប្រើប្រាស់ថាមពលអគ្គិសនីសរុប ហើយត្រូវបានគេរំពឹងថានឹងកើនឡើងទ្វេដងនៅឆ្នាំ២០៥០។ ការអនុវត្តវិសោធនកម្មទីក្រុងគឺហ្គាលី រួមជាមួយនឹងការផ្លាស់ប្តូរទៅប្រើប្រាស់បរិក្ខារត្រជាក់មានប្រសិទ្ធភាពថាមពលខ្ពស់នឹងផ្តល់អត្ថប្រយោជន៍ ដល់ការកាត់បន្ថយការកើនឡើងកម្ដៅផែនដីទ្វេដង។
លោក អ៊ាង សុផល្លែត បានឱ្យថា ក្នុងនាមជារដ្ឋភាគី កម្ពុជាបានចូលរួមយ៉ាងសកម្មក្នុងការបញ្ឈប់ការប្រើប្រាស់ សារធាតុក្លរ៉ូភ្លុយអរ៉ូកាបួន(CFC) ទាំងស្រុងក្នុងឆ្នាំ២០១០ ហើយក៏កំពុងបន្តអនុវត្តផែនការគ្រប់គ្រងសារធាតុ ហាយដ្រូក្លរ៉ូភ្លុយអរ៉ូកាបូន (HCFC) ស្របតាមកាតព្វកិច្ចដែលមានចែងក្នុងពិធីសារម៉ុងរ៉េអាល់។
សូមជម្រាបថា ថ្មីៗនេះ រាជរដ្ឋាភិបាលបានអនុម័តដាក់ឱ្យអនុវត្តក្រមបរិស្ថាននិងធនធានធម្មជាតិ និងកំពុងរៀបចំផែនការ គ្រប់គ្រងសារធាតុHFCS ក្នុងការអនុវត្តវិសោធនកម្មទីក្រុងគីហ្គាលី នៃពិធីសារម៉ុងរ៉េអាល់ដែលកម្ពុជា បានផ្តល់សច្ចាប័ននៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ ក្នុងក្តីសង្ឃឹមថាការកើនកម្ដៅភពផែនដីអាចត្រូវបាន កាត់បន្ថយរហូតដល់ ០,៥°C នៅចុងសតវត្សរ៍នេះ ប្រសិនបើវិសោធនកម្មទីក្រុងគីហ្គាលីត្រូវបានផ្តល់ សច្ចាប័នជាសកល និងអនុវត្តបានពេញលេញ៕