Cc time web banner 054637

អាជ្ញាធរជាតិអប្សរាជួសជុល«ចម្លាក់តោថ្ម»នៅប្រាសាទភ្នំក្រោម

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

សៀមរាប៖ អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី ១៣ ខែកញ្ញានេះ បានជួសជុលចម្លាក់តោថ្មចំនួនមួយមានកម្ពស់ ១,៣៧ម៉ែត្រ ទទឹង ៤៦សង់ទីម៉ែត្រ បែកបាក់បួនបំណែក និងបាត់បង់ជើងទាំង៤ ដែលចម្លាក់តោនេះមានទីតាំងនៅខាងស្តាំនៃជណ្តើរខាងលិចតួប៉មកណ្តាលប្រាសាទភ្នំក្រោម ដោយត្រូវប្រើពេលប្រមាណ៦ខែ។

អ្នកជំនាញអភិរក្សថ្ម លោក ទ្រី ប៊ុនលី បានឱ្យដឹងថា ចម្លាក់តោនេះត្រូវបានរងការខូចខាតអស់ពេលជាយូរមកហើយដោយកត្តាផ្សេងៗ។ បំណែកតោនៅសេសសល់បួនបំណែក មានក្បាលដងខ្លួន និងភ្លៅមុខខាងស្តាំ រួមទាំងជើងទម្រផង។ ក្រុមការងារបានយកបំណែកចម្លាក់តោមកសម្អាតស្ងួត សម្អាតសើម និងសម្អាតបែបគីមី រួចហើយពង្រឹងថ្ម និងផ្គុំតភ្ជាប់ឡើងវិញនោះ។ ចំណែក ជើងទាំង៤ ដែលបាត់បង់ត្រូវបន្ថែមថ្មថ្មី ដើម្បីឱ្យចម្លាក់តោមានជំហររឹងមាំឡើងវិញ។

ចំណែកលោក អៀន ធី និងលោក យក់ ក្រូច អ្នកអភិរក្សថ្ម បានឱ្យដឹងថា ការងារជួសជុលចម្លាក់តោនេះ បានសហការគ្នាជាក្រុម តាំងពីចាប់ផ្តើមរហូតពេលដាប់ឆ្លាក់ថ្មថ្មីតភ្ជាប់ដងខ្លួនតោឡើងវិញ។ ឆ្លងកាត់ការសិក្សា និងមុនឈានដល់ការដាប់ថ្មថ្មីជំនួសជើងទាំងបួនដែលបាត់បង់ឱ្យត្រូវតាមទម្រង់ដើម អ្នកជំនាញបានធ្វើពុម្ពដីឥដ្ឋឱ្យចេញជារូបរាងតាមទម្រង់ និងកម្ពស់ដើម បន្ទាប់មកដាប់ឆ្លាក់ថ្មថ្មីជាទម្រង់ជើងតភ្ជាប់ឡើងវិញ។ ចម្លាក់តោនេះ នឹងត្រូវតម្កល់នៅទីតាំងដើម ក្រោយពេលបញ្ចប់ការជួសជុល៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង