681 ezgif.com resize
Moneygramott moi1280x163px

ព្យុះទី១៣ឈ្មោះ«ប៊ីប៊ីនកា»នឹងមានឥទ្ធិពលលើកម្ពុជា ចាប់ពីថ្ងៃទី១៣-១៥ កញ្ញា

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ ប្រទេសកម្ពុជា នៅថ្ងៃទី ១៣ ខែកញ្ញានេះ នឹងទទួលរងនៅព្យុះទី១៣ ឈ្មោះ ប៊ីប៊ីនកា (Bebinca) និងសម្ពាធទាបដែលគ្រប់ដណ្ដប់លើឈូងសមុទ្របេងហ្គាល់នៅតែបន្តមានឥទ្ធិពលខ្សល់មូលសុងនិរតី ដែលបក់លើសមុទ្រអានដាមម៉ែន ឈូងសមុទ្រថៃ ខណៈសម្ពាធទាបគ្របដណ្ដប់លើភាគកណ្តាលនៃអាងទន្លេមេគង្គ សមុទ្រចិនខាងត្បូង និង លើព្រះរាជាណាចក្រកម្ពុជា។ស្ថានភាពបែបនេះ នឹងធ្វើឲ្យ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ តំបន់មួយចំនួនអាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និង ខ្យល់កន្ត្រាក់។

យោងតាមការព្យាករណ៍ពី ក្រសួងធនធានទឹក និង ឧតុនិយម បានបញ្ជាក់ថា ព្យុះទី១៣ ប៊ីប៊ីនកា (Bebinca) នឹងធ្វើឱ្យតំបន់វាលទំនាប មានសីតុណ្ហភាពមធ្យមអប្បបរមា ២៣អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា ៣៤អង្សាសេ។ ខ្យល់បក់មកពីទិសនិរតី និងពាយ័ព្យល្បឿនមធ្យម ៥,៥ម៉ែត្រក្នុង១វិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កណ្តាល តាកែវ និងរាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្ដប់លើផ្ទៃដី៦៥ភាគរយ។

រីឯតំបន់ខ្ពង់រាប មានសីតុណ្ហភាពមធ្យមអប្បបរមា ២៣អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា ៣៣អង្សាសេ។ ខ្យល់បក់មកពីទិសនិរតី និងបស្ចិម មានល្បឿនមធ្យម ៦,៥ម៉ែត្រក្នុង១វិនាទី។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ រតនគិរី មណ្ឌលគិរី តំបន់ជួរភ្នំក្រវាញ និងជួរភ្នំដងរែក អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី ៦០ភាគរយ។

ចំណែកតំបន់មាត់សមុទ្រ សីតុណ្ហភាពមធ្យមអប្បបរមា២៣°C និង សីតុណ្ហភាពមធ្យមអតិបរមា ៣៣°C។ ខ្យល់បក់ទិសនិរតី និងពាយ័ព្យមានល្បឿនមធ្យម ៦ម៉ែត្រ/វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្ដប់លើផ្ទៃដី៦០%។

-រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ២,៥០ម៉ែត្រ៕


Khcct banner

អត្ថបទទាក់ទង