ភ្នំពេញ៖ កម្មវិធីប្រកួតប្រជែងរ៉ូបូតថ្នាក់ជាតិ លើកទី៧ (The 7th Robocon Cambodia 2020) រៀបចំដោយអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា(ទទក)នៃក្រសួងព័ត៌មាន ក្នុងគោលបំណង ដើម្បីស្វែងរកជ័យលាភីប្រចាំឆ្នាំក្នុងការបន្តតំណាងកម្ពុជា ប្រកួតរ៉ូបូតនៅថ្នាក់អន្តរជាតិ (ABU Robocon 2020) បន្តទៀតនៅទីក្រុងសូវ៉ា ប្រទេសហ្វីជី និងជាឱកាសលើកកម្ពស់សមត្ថភាពយុវជនខ្មែរនាពេលបច្ចុប្បន្ន នៅក្នុងវិស័យរ៉ូបូតស្វ័យប្រវត្តិកម្មនេះ។ កម្មវិធីប្រកួតនេះ នឹងត្រូវបានរៀបចំឡើងនៅថ្ងៃសៅរ៍ ទី០៣ ខែតុលា ឆ្នាំ២០២០នេះហើយ បេក្ខជនក្រុមនីមួួយៗ នឹងបង្ហាញសមត្ថភាពរ៉ូបូតរបស់ខ្លួន ក្នុងវិញ្ញាសា «រ៉ូបូតបាល់ឱប»។
លោក ប៉ាង ចំណាន ក្រុមអ្នករៀបចំកម្មវិធីប្រកួតប្រជែងនេះ លោកបានថ្លែងថា បេក្ខជនប្រកួតទាំងអស់មានចំនួន ៨២នាក់ ហើយបែងចែកជា ១០ក្រុម ដែលក្នុងមួយក្រុមៗ ត្រូវមកពីសាលាតែមួយ។ ជាមួយគ្នានេះដែរ ក្រុមប្រកួតទាំង១០ខាងលើ ពួកគេមកពី ០៦សាលាផ្សេងៗគ្នា ក្នុងនោះមាន (១)វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (២)វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (៣)វិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស (៤)សាកលវិទ្យាល័យជាតិគ្រប់គ្រង (៥)វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ និង(៦)សាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
លោក ចំណាន បានបន្ថែមទៀតថា បេក្ខជនទាំងអស់នឹងមកបង្ហាញសមត្ថភាពរ៉ូបូតចំនួនពីរគ្រឿងនៃក្រុមនីមួយៗ នៅលើទីលានជាមួយគ្នា នៅក្នុងរូបមន្តប្រកួតតាមវគ្គជម្រុះបឋម វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងវគ្គផ្ដាច់ព្រ័ត្រ ដែលក្រុមនីមួយៗ នឹងផលិតរ៉ូបូតធំៗ ចំនួនពីរ ដើម្បីយកមកប្រកួត បង្ហាញសមត្ថភាពរ៉ូបូតរបស់ក្រុមរៀងៗខ្លួន ក្រោមវិញ្ញាសាមួយប្លែកពីឆ្នាំមុន គឺ «រ៉ូបូតបាល់ឱប»។ ដោយឡែក កាលពីឆ្នាំមុន កាលពីចុងខែមេសា ឆ្នាំ២០១៩ កម្មវិធីប្រកួតប្រជែងរ៉ូបូតថ្នាក់ជាតិ លើកទី៦ បេក្ខជនក្រុមនីមួយៗ បានប្រកួតនឹងគ្នា ក្នុងវិញ្ញាសារួមគ្នា «ការជិះសេះកាន់ស្លាកបញ្ជា»។
សូមបញ្ជាក់ថា កម្មវិធីប្រកួតប្រជែងរ៉ូបូតថ្នាក់ជាតិលើកទី៧ នឹងធ្វើថ្ងៃសៅរ៍ ទី០៣ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ៨ព្រឹក រហូតដល់ម៉ោង១២ថ្ងៃត្រង់ នៅសាលដំបូលទូក នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ កម្មវិធីនេះនឹងមានការចូលរួមជាអធិបតីភាពពី ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋក្រសួងព័ត៌មាន , ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡា និងឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា៕