Cc time web banner 054637

សិស្ស១២០ នាក់ មកពីសាលារដ្ឋចំនួន២១ នឹងចូលរួម «ប្រកួតប្រជែងសហគ្រិនវ័យក្មេង២០២៤» នៅថ្ងៃទី ២៨ កញ្ញា

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី​ លីតា
/

ភ្នំពេញ៖ សិស្ស១២០ នាក់ មកពីសាលារដ្ឋ២១ផ្សេងគ្នាដែលស្ថិតនៅខេត្តកណ្តាល និងរាជធានីភ្នំពេញនឹងចូលរួម «ប្រកួតប្រជែងសហគ្រិនវ័យក្មេង២០២៤» នៅថ្ងៃទី ២៨ កញ្ញា។

កម្មវិធី«ប្រកួតប្រជែងសហគ្រិនវ័យក្មេង២០២៤» ជាកម្មវិធីមួយដែលត្រូវបានរៀបចំដោយដោយ Global Shaper និងអង្គការបង្រៀនដើម្បីកម្ពុជា ដែលត្រូវបានផ្តួចផ្តើមឡើងតាំងពីឆ្នាំ២០២២ មកម្ល៉េះ។ កម្មវិធីនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងឱ្យសិស្សានុសិស្សមានឱកាសក្នុងការបញ្ចេញនូវគំនិតច្នៃប្រឌិតរបស់ខ្លួនទៅលើការបង្កើតអាជីវកម្មដោយមានដើមទុន២០០០០រៀល។

មុននឹងសិស្សចូលរួមវគ្គប្រកួតនេះ សិស្សត្រូវបានបង្រៀនមេរៀនដោយពឹងផ្អែកទៅលើ Aflateen+ ដែលត្រូវបានបង្រៀនដោយលោកគ្រូអ្នកគ្រូនៃអង្គការបង្រៀនដើម្បីកម្ពុជា នៅក្នុងសាលាគោលដៅមួយចំនួនដែលស្ថិតនៅក្នុងខេត្តកណ្តាល និងរាជធានីភ្នំពេញ។ មុននឹងដល់វគ្គប្រកួតគំនិតអាជីវកម្មនេះ សិស្សត្រូវឆ្លងកាត់ដំណាក់កាលដូចជា សិស្សត្រូវបានបង្រៀននូវមេរៀនពាក់ព័ន្ធនឹងហិរញ្ញវត្ថុព្រមទាំងការបង្កើតគំនិតអាជីវកម្ម។ បន្ទាប់មកទៀតសិស្សនឹងត្រូវធ្វើការងារជាក្រុមនៅតាមសាលារបស់់ពួកគេ ដើម្បីស្វែងរកគំនិតអាជីវកម្មដោយប្រើដើមទុនចំនួន២០០០០រៀលតែប៉ុណ្ណោះ។ 

បន្ទាប់មកសិស្សត្រូវប្រកួតគ្នាតាមថ្នាក់រៀន និងសាលារបស់ពួកគេ មុននឹងឈានមកដល់ដំណាក់កាលទី២ ក្នុងការទទួលបានដើមទុនដើម្បីទៅអនុវត្តនូវគំនិតអាជីវកម្មរបស់ពួកគេ។

បើតាមក្រុមការងារ Global Shaper បានឱ្យដឹងថា សិស្សានុសិស្សមានពេល៣សប្តាហ៍ក្នុងការតេសអាជីវកម្មរបស់ខ្លួនជាមួយនឹងដើមទុន២០០០០រៀល ព្រមទាំងមានឱកាសក្នុងការជួបជាមួយនឹងអ្នកណែនាំដែលមានបទពិសោធន៍លើការបង្កើតគំនិតអាជីវកម្ម ។ ជាចុងក្រោយ ពួកគេនឹងចូលរួមប្រកួតនៅថ្ងៃទី ២៨ កញ្ញា ឆ្នាំ២០២៤ ដើម្បីធ្វើបទបង្ហាញអាជីវកម្ម និងសមិទ្ធផលរបស់ខ្លួន។

គួរបញ្ជាក់ផងដែរ ជាសរុបមានសិស្សចំនួនប្រមាណ ៤៣០០ នាក់ក្នុងឆ្នាំ២០២៤ ដែលត្រូវបានប្រកួតគ្នាតាមសាលារៀងៗខ្លួន ដែលមានសិស្សតែចំនួន ២៦ ក្រុមតែប៉ុណ្ណោះនឹងមកប្រកួតនៅថ្ងៃទី ២៨ កញ្ញា ដែលពួកគេមកពីសាលា២១ផ្សេងៗគ្នា ដែលប្រកួតទៅតាមកម្រិតសិក្សា។ សិស្សដែលចូលរួមប្រកួតមានអាយុចន្លោះ ១០ ទៅ ១៨ ឆ្នាំ ដែលកំពុងសិក្សានៅថ្នាក់បថមសិក្សា និងអនុវិទ្យាល័យ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង