.png?1725941264)
សៀមរាប៖ ចម្ការប្រណិត ពោរពេញដោយពូជឈើគ្រញូង និង ពូជឈើប្រណិត ជាច្រើនប្រភេទ លាតសន្ធឹងលើផ្ទៃដីទំហំ ១ ៨៨៨ហិកតា ដែលជាដែនដីព្រៃឈើកំពុងស្ថិតនៅក្រោមការការពារ និងអភិរក្ស ដោយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប។ ក្រៅពីដើមឈើប្រណិតៗ ក៏មានផ្កាព្រៃរីកស្គុះស្គាយទៅតាមរដូវកាលនៃធម្មជាតិ មានសត្វឃ្មុំតាមក្រេបលម្អផ្កាអមដោយសត្វមេអំប៉ៅហោះហើរជាហ្វូងៗ។ ចម្ការប្រណិតនេះ ស្ថិតនៅក្នុងភូមិសាស្រ្តឃុំកន្ទួត ស្រុកស្វាយលើ និងមួយផ្នែកទៀតស្ថិតក្នុងឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
ចម្ការនេះ ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០០១ រហូតមកទល់ពេលនេះ ចម្ការពូជឈើគ្រញូង និងពូជឈើប្រណិតជាច្រើនប្រភេទនៃសង្កាត់រដ្ឋបាលព្រៃឈើកន្ទួតខ្នាក្រៅ បានលាតសន្ធឹងលើផ្ទៃដីទំហំ ១ ៨៨៨ហិកតា ដែលកំពុងរង់ចាំទទួលស្វាគមន៍អ្នកទេសចរ ទៅទស្សនាកម្សាន្ត និង ឈ្វេងយល់អំពីពូជឈើប្រណិតដែលកំពុងមានវត្តមាននៅទីនោះ។
.png?1725941272)
ប្រភេទឈើប្រណិតៗ គ្រញូងធំៗប្រមាណជា៥៧២ដើម ឈើធ្នង់ បេង នាងនួន តាត្រាវ និង ប្រភេទឈើផ្សេងៗទៀត ជាតំបន់សេនេទិចគ្រាប់ពូជឈើនៅកម្ពុជា។ នៅក្នុងចម្ការប្រណិតនេះ ក៏មានវត្តមានសត្វព្រៃជាច្រើនប្រភេទកំពុងរស់នៅ ដូចជា ជ្រូកព្រៃ ឈ្លូស ប្រើស ទន្សោង សំពោចក្រអូប ជាប្រភេទសត្វកម្រ និង សត្វស្វាចំនួន៤ប្រភេទទៀត ជាពិសេស ស្វាព្រាមជាប្រភេទសត្វកម្រកំពុងរស់នៅក្នុងព្រៃនោះ។ ជាមួយគ្នានេះ នៅមានសត្វស្លាបមិនតិចជាង១៦៨ប្រភេទនោះទេ ដែលពួកវាយកព្រៃចម្ការពូជឈើគ្រញូងធ្វើជាអាណាចក្រដ៏សុខសាន្តរបស់ពួកគេ។ ក្រៅពីដើមឈើប្រណិតៗ និងសត្វព្រៃជាច្រើនប្រភេទ ក៏មានផ្កាព្រៃរីកស្គុះស្គាយទៅតាមរដូវកាលនៃធម្មជាតិដោយមានសត្វឃ្មុំតាមក្រេបលម្អផ្ការអមដោយសត្វមេអំប៉ៅហោះហើរជាហ្វូងៗនៅពេលបានទស្សនាធ្វើឱ្យអារម្មណ៍ស្រស់ថ្លាផងដែរ។
នៅចម្ការពូជឈើគ្រញូងនេះ ក៏មានផងដែរនូវ សួនអនុស្សាវរីយ៍ «ទេសចរម្នាក់ ដើមឈើមួយដើម» ដែលទទួលស្វាគមន៍អ្នកទេសចរ ចូលរួមដាំដើមឈើប្រណិតដោយផ្ទាល់ដៃ ហើយរដ្ឋបាលព្រៃឈើកន្ទួតខ្នាក្រៅ ក៏នឹងរៀបចំស្លាកឈ្មោះទុកជូនជាអនុស្សាវរីយ៍ផងដែរ ៕
.png?1725941287)
.png?1725941289)
.png?1725941303)
.png?1725941303)