វៀតណាម៖ ស្ពានឆ្លងផុងចូវនៃប្រទេសវៀតណាមបានបាក់ស្រុតចូលក្នុងទន្លេ ដែលបានបណ្តាលឲ្យម៉ូតូនិងរថយន្តជាច្រើនគ្រឿងធ្លាក់ចូលជាមួយស្ពានពេលដែលកំពុងបាក់។ ស្ពាន ផុងចូវ ដែលលាតសន្ធឹងលើដងទន្លេក្រហមបានបាក់រលំនៅម៉ោងប្រហែល ១០ ព្រឹក ដោយបានកាត់ផ្តាច់ការតភ្ជាប់រវាងស្រុក Lam Thao និង Tam Nong ឆ្លងកាត់ស្ពាននេះ។ អាជ្ញាធរកំពុងបើប្រតិបត្តិការស្វែងរកអ្នកដែលធ្លាក់ចូលក្នុងទឹក ខណៈដែលចំនួនអ្នកស្លាប់មិនទាន់ត្រូវបានបញ្ជាក់នៅឡើយនោះទេ។
បើតាមអាជ្ញាធរវៀតណាមក្នុងស្រុល Lam Thao បានអះអាងថាការបាក់ផ្តាច់ស្ពាននេះកើតឡើងដោយសារអាកាសធាតុធ្ងន់ធ្ងរ និងកម្ពស់ទឹកក្នុងទន្លេមានការហូខ្លាំងនិងកើនឡើងមិនធ្លាប់មាន។ អាជ្ញាធរមិនបានបញ្ជាក់ពីចំនួនអ្នកស្លាប់ និងរបួសនោះទេ ដោយបច្ចុប្បន្ននេះអាជ្ញាធរកំពុងពិនិត្យមើលវីដេអូកាមេរ៉ា និងធ្វើប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះអ្នកដែលធ្លាក់ចូលក្នុងទន្លេ។
សាក្សីបានរាយការណ៍ថា រថយន្តដឹកទំនិញ និងម៉ូតូជាច្រើនគ្រឿង បានធ្លាក់ចូលទឹកទន្លេក្នុងពេលកើតហេតុ។ ក្នុងនោះជនរងគ្រោះទាំង៣នាក់ត្រូវបានបញ្ជូនទៅកាន់មណ្ឌលពេទ្យ Tam Nong ដោយអ្នកផ្សេងទៀតកំពុងតែបាត់ខ្លួន។ អាជ្ញាធរបានបិទស្ពាន និងបើកការស៊ើបអង្កេតរកមូលហេតុនៃការបាក់ស្ពាន៕