កំពង់ធំ៖ រដ្ឋបាលជលផលខេត្តកំពង់ធំ នៅថ្ងៃទី០៥ ខែកញ្ញានេះ សហការជាមួយក្រុមការងារប្រចាំការអនុវត្តបទបញ្ជាទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាប បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសនេសាទ ដោយបានរុះរើបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់ និងចាក់ប្រលែងកូនត្រីរាប់រយគីឡូចូលក្នុងទន្លេវិញ។
ក្នុងប្រតិបត្តិការនេះ លោក ជិន សុីថា នាយខណ្ឌរដ្ឋបាលជលផលកំពង់ធំ បានដឹកនាំកម្លាំងមន្រ្តីខណ្ឌ កម្លាំងទីបញ្ជាការស្រាលប្រចាំការអនុវត្តបទបញ្ជាទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាប ឈរជើងនៅចំណុចឃុំផាត់សណ្តាយ អមដំណើរដោយលោក អ៊ុង វុទ្ធី អភិបាលរងខេត្តកំពង់ធំ និងជាប្រធានក្រុមការងារ ចេញប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសនេសាទនៅចំណុច ក្រោយវត្តកំពង់ចម្លង សាមពាង កន្លុកបាយក្អែក រាំងឆ័ត្រ និងកោះតាបរ ស្ថិតក្នុងភូមិសាស្ត្រ ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
ជាលទ្ធផលអនុវត្តទី០១ ការចុះប្រតិបត្តិការ បានរុះរើបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅនិងកន្លែងរួមមាន៖ របាំងសាច់អួនក្រឡាញឹកចំនួន ២៥របាំង ប្រវែង ៧៥០០ម៉ែត្រ, ឡុកសាច់អួន ចំនួន ៧៥ គ្រឿង, លប ឬលូចំនួន ៧៨ មាត់, បង្គោលចំនួន ៤០០០ ដើម និងចាក់លែងត្រីស្រស់ចម្រុះចំនួន ៥០០គីឡូក្រាមចូលទន្លេវិញ និងទី០២ ការចុះប្រតិបត្តិការ រុះរើកាប់បំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅនឹងកន្លែងរួមមាន៖ របាំងស្បៃមុងចំនួន ០៦របាំងប្រវែង ៦០០ម៉ែត្រ,ឡុកចំនួន០៦គ្រឿង, លូចំនួន១២មាត់, បង្គោលចំនួន៤៥០ដើម, ចាក់លែងកូនត្រីទំងន់២០ គីឡូក្រាមចូលក្នុងទន្លេវិញ ដោយចុះបង្ក្រាបបទល្មើសនេសាទនៅចំណុច៖ បឹងកំព្រីង បឹងងួន ឃុំចំណាក្រោម ស្រុកស្ទោង៕