ភ្នំពេញ៖ សព សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង នៅព្រឹកថ្ងៃទី ៦ កញ្ញានេះ បានរៀបចំពិធីហែ និង បូជាសព ជាផ្លូវការហើយ នៅវត្តជម្ពូវ័ន ស្ថិតក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ពិធីបូជា រៀបចំឡើងក្រោមអធិបតីភាពរបស់សម្តេច ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងមានការចូលរួមជូនដំណើរដោយថ្នាក់ដឹកនាំជាន់ខ្ពស់ជាច្រើនរូបផ្សេងទៀត។
ពិធីដង្ហែសពសម្តេចចៅហ្វាវំាង គង់ សំអុល បានចាប់ផ្តើមនៅព្រឹកព្រលឹម ដោយចេញដំណើរពី គេហដ្ឋានផ្ទាល់របស់សម្តេច នៅសង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ ឆ្លងកាត់មុខព្រះបរមរាជវាំង ហើយឆ្ពោះទៅកាន់វត្តជម្ពូវ័ន ស្ថិតក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ដើម្បីរៀបចំពិធីបូជាតាមប្រពៃណីសាសនា។
សម្តេច ហ៊ុន សែន ប្រមុខរដ្ឋស្តីទី តំណាងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់នៃរាជរដ្ឋាភិបាលកម្ពុជា និង ប្រជាពលរដ្ឋ បានផ្តល់នូវព្រះភ្លើង ដើម្បីបូជាសពសម្តេចចៅហ្វាវាំង គង់ សំអុល ប្រកបដោយក្តីសោកសង្រេងជាទីបំផុត ហើយក្រោយមកព្រះអគ្គីក៏បានលេបត្របាក់យកសពសម្តេចហ្វាវាំង គង់ សំអុល លាចាកឆ្ងាយពីភរិយា កូនចៅប្រុសស្រី ក្រុមការងារ ក៏ដូចជាប្រជាពលរដ្ឋដោយគ្មានថ្ងៃវិលត្រឡប់។
សូមរម្លឹកជូនថា សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង បានទទួល មរណភាព នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ៨៖៣៥នាទីព្រឹក ក្នុងជន្មាយុ៩៤ឆ្នាំ ដោយជរាពាធ។
សម្ដេចចៅហ្វាវាំង គង់ សំអុល គឺជាឧបនាយកនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួងព្រះបរមរាជវាំង សមាជិកអចិន្រ្តៃយ៍ នៃគណៈកម្មាធិការកណ្តាល និង ជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង។ សម្តេចកើតថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ១៩៣៦ គឺជាអ្នកនយោបាយ បានធ្វើជារដ្ឋមន្ត្រីព្រះបរមរាជវាំង តាំងពីឆ្នាំ១៩៩៨ ធ្លាប់ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទពីឆ្នាំ ១៩៨៦ ដល់ឆ្នាំ ១៩៨៩ ហើយក៏ជាសមាជិករបស់ គណបក្សប្រជាជនកម្ពុជា ដែលបានជាប់ឆ្នោតជាតំណាងរាស្រ្តខេត្តកំពង់ឆ្នាំង ក្នុងរដ្ឋសភា នាឆ្នាំ២០០៣។មរណភាពរបស់សម្តេច គង់ សំអុល នៅពេលនេះ គឺជាការបាត់បង់អ្នកនយោបាយជើងចាស់ដ៏សំខាន់របស់ប្រទេសកម្ពុជា ក្រោយពីកម្ពុជាឆ្លងផុតសង្គ្រាមរាំរៃអស់ជាច្រើនឆ្នាំ៕