ភ្នំពេញ៖ ព្រឹទ្ធសភាកម្ពុជា នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤ នឹងបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍របស់ខ្លួន ដោយមានរបៀបវារៈចំនួន៤។ កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ថ្ងៃស្អែកនេះ នឹងធ្វើឡើងក្រោមអធិបតីភាពរបស់លោក ប្រាក់ សុខុន ប្រធានស្តីទីព្រឹទ្ធសភាកម្ពុជា។
យោងតាមសេចក្តីប្រកាសរបស់ព្រឹទ្ធសភាកម្ពុជា នឹងរៀបចំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ មានរបៀបវារៈចំនួន៤ ដូចខាងក្រោម៖
ទី១៖ ពិនិត្យ និងសម្រេចលើសុពលភាពបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងជាសមាជិក ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ១រូប ជំនួសសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ដែលនឹងត្រូវបញ្ចប់អាណត្តិ ទៅក្នុងរបៀបវារៈសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥។
ទី២៖ ពិនិត្យសំណើរបស់សមាជិកព្រឹទ្ធសភាស្នើសុំកោះប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ។
ទី៣៖ កំណត់កាលបរិច្ឆេទ និងរបៀបវារៈ សម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥។
ទី៤៖ ផ្សេងៗ៕