ភ្នំពេញ៖សម្តេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា មានប្រសាសន៍ថា ការចូលរួមចំណែករបស់មិត្តចិន ក្នុងការជួយគាំទ្រដល់កម្ពុជា សម្រាប់ការអភិវឌ្ឍប្រទេស សេដ្ឋកិច្ច-សង្គម សន្តិសុខ គឺជាការចូលរួមមួយដ៏សំខាន់ ដែលជំរុញ និងលើកកម្ពស់ដល់ឯករាជ្យភាពផ្នែកនយោបាយ និងអធិបតេយ្យភាពរបស់កម្ពុជា។ ការថ្លែងរបស់សម្តេចនេះ ធ្វើឡើងទៅកាន់គណៈប្រតិភូចិន ដឹកនាំដោយលោកស្រី ចុង មីង (Zong Ming ) អនុប្រធានគណៈកម្មាធិការអចិន្រ្ដៃយ៍សភាតំណាងប្រជាជនក្រុងសៀងហៃ ប្រទេសចិន ក្នុងឱកាសទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារកាលពីព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤នេះ។
ប្រធានរដ្ឋសភាកម្ពុជា បានថ្លែងអំណរគុណដល់មិត្តចិន ដែលតែងតែជួយគាំទ្រដល់កម្ពុជាសម្រាប់ការអភិវឌ្ឍ ប្រទេស សេដ្ឋកិច្ច-សង្គម សន្តិសុខ ក្នុងនោះផ្លូវ ស្ពាន សាលារៀន វារីអគ្គិសនី និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត ក៏ដូចជាការកាត់បន្ថយភាពក្រីក្រ ក៏ជាចំណែកនៃការជួយជ្រោមជ្រែងរបស់រដ្ឋាភិបាលចិន។ «មិនថា ជាការវិនិយោគ ឬ ប្រាក់ជំនួយរបស់ចិននោះទេ គឺមិនដែលមាន លក្ខខណ្ឌភ្ជាប់មកជាមួយ ដែលតម្រូវឱ្យកម្ពុជាត្រូវតែធ្វើនេះធ្វើនោះទេ ដោយកម្ពុជាមានឯករាជ្យភាព ក្នុងការធ្វើសេចក្តីសម្រេចចិត្តតាមបរិបទរបស់ខ្លួនឯង»។ សម្តេចរដ្ឋសភាធិការធិបតី បានបញ្ជាក់សាជាថ្មីនូវជំហររបស់កម្ពុជា ក្នុងការគាំទ្រនូវគោលនយោបាយចិនតែមួយ។ ការព្យាយាមបំបែកនូវតំបន់ផ្សេងរបស់ចិនដូចជា៖ នៅតំបន់ទីបេ ស៊ីនជាំង កោះតៃវ៉ាន់ ហុងកុង ជាការជ្រៀតជ្រែកការងារផ្ទៃក្នុងរបស់ចិន។
លោកស្រី ចុង មីង បានបញ្ជាក់នូវការគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ដោយនៅក្នុងនោះ លោកជំទាវ បានសន្យាជំរុញកិច្ចសហប្រតិបត្តិការធ្វើយ៉ាងណាសម្រេចឱ្យបាននូវគោលដៅដែលថ្នាក់ដឹកនាំប្រទេសទាំងពីរ(កម្ពុជា-ចិន) បានដាក់ចេញកន្លងមក ក្នុងគោលបំណងលើកកម្ពស់ការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ ជាពិសេសកិច្ចសហប្រតិបត្តិការត្បូងពេជ្រ, កិច្ចសហប្រតិបត្តិការច្រករបៀងឧទ្យានឧស្សាហកម្ម និងបច្ចេកវិទ្យា, កិច្ចសហប្រតិបត្តិការច្រករបៀងមច្ឆា និងអង្ករ ដើម្បីជាការបង្ហាញអំពីសហគមន៍វាសនារួមសម្រាប់មនុស្សជាតិ។ លោកស្រី បានគោរពអញ្ជើញសម្តេចប្រធានរដ្ឋសភាកម្ពុជា ទៅបំពេញទស្សនកិច្ចនៅក្រុងសៀងហៃ គ្រាដែលតំបន់ស្វ័យតមួយនេះពោរពេញទៅដោយសក្តានុពលសេដ្ឋកិច្ច និងវិនិយោគដូចជាមានកំពង់ផែអន្តរជាតិ មជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក ជាដើម៕