ភ្នំពេញ៖ ស្ថានទូតប៉ាគីស្ថាន ប្រចាំនៅកម្ពុជា បានថ្លែងសរសើរលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងរយៈពេល១ឆ្នាំកន្លងមកនេះ បានខិតខំសម្រេចបានសមិទ្ធផលជាច្រើន ជាពិសេសក្នុងវិស័យបរិស្ថាន ដែលបានធ្វើឱ្យមានការចូលរួមប្រជាពលរដ្ឋ យ៉ាងផុសផុល រួមចំណែកដល់ការកាត់បន្ថយការបំពុលដោយប្លាស្ទិក ដែលជាបញ្ហាសកល។ការវាយតម្លៃនេះ ធ្វើឡើងពេលជំនួបពិភាក្សាការងាររវាងលោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងលោក Zaheeruddin Babar Thaheem ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន ប្រចាំកម្ពុជា។
លោក Zaheeruddin Babar Thaheem បានគូសបញ្ជាក់ថា ការប្រែប្រួលអាកាធាតុ នាំឱ្យមានគ្រោះហន្តរាយទឹកជំនន់ កាលពីឆ្នាំ២០២២នៅប្រទេសប៉ាគីស្ថាន និង ធ្វើឱ្យខូចខាតទ្រព្យសម្បត្តិនិងបាត់បងជីវិតមនុស្សអស់ជាច្រើន។ប៉ាគីស្ថានមានបំណងចូលរួម ជាមួយអន្តរជាតិ ជាពិសេសជាមួយកម្ពុជា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ រវាងប្រទេសទាំងពីរ ក្នុងឆ្លើយតបនឹងញ្ហានៃការប្រែប្រួលអាកាសធាតុ។
លោក អ៊ាង សុផល្លែត ក៏បានចែករំលែកយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលបានដាក់ចេញនាពេលកន្លងមក ជាពិសេស ភាពស្អាតរបស់កម្ពុជា ដែលកើតចេញពីយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ»។ បន្ថែមពីនេះក៏មានយុទ្ធនាការ«កម្ពុជាស្អាត ខ្មែរធ្វើបាន» ប្រមូលសម្អាតសំរាម សំណល់ប្លាស្ទិក នៅតាមមូលដ្ឋាន ដែលនៅឆ្នាំ២០២៥ ខាងមុខ កម្ពុជានឹងអាចសម្រេចបានគោលដៅគ្មានថង់ប្លាស្ទិកហើរតាមផ្លូវ។ បន្ទាប់ពីភាពស្អាត កម្ពុជានឹងបន្ថែមនូវភាពបៃតង តាមរយៈការដាំដើមឈើឱ្យច្រើន៕