ភ្នំពេញ៖ ក្រសួងមហាផ្ទៃ នៅថ្ងៃទី ០៣ ខែកញ្ញានេះ បានចេញនូវសេចក្តីប្រកាសពីការបរាជ័យនៃ ផែនការកុបកម្មដែលចង់ធ្វើបាតុកម្មផ្តួលរំលំរាជរដ្ឋាភិបាល ខណៈជនសង្ស័យ ១៨៨នាក់ ត្រូវបានឃាត់ខ្លួន ពាក់ព័ន្ធនឹងផែនការធ្វើបាតុកម្ម នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤។សម្រាប់ក្រសួងមហាផ្ទៃ ការបរាជ័យនេះ គឺដោយសារជំនឿពីប្រជាពលរដ្ឋមកលើរាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន ហើយក្រសួងមានជំនឿយ៉ាងមុតមាំលើទឹកចិត្តស្នេហាជាតិរបស់ប្រជាជនកម្ពុជាគ្រប់មជ្ឈដ្ឋាន អាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ព្រមទាំងកម្លាំងប្រជាការពារទូទាំងប្រទេស។
យោងតាមសេចក្ដីជូនដំណឹងក្រសួងមហាផ្ទៃ បានឲ្យដឹងថា ផែនការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់នេះ បានទទួលបរាជ័យយ៉ាងអាម៉ាសទាំងស្រុង ដោយសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ស្ថិរភាព និងសន្តិភាព ត្រូវ បានធានាយ៉ាងរឹងមាំជាប្រក្រតីនៅទូទាំងប្រទេស។ ការបរាជ័យនៃផែនការក្រុមជ្រុលនិយមនេះ បានកើតចេញពីការអនុវត្តផែនការសន្តិសុខ របស់អាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធមានសមត្ថកិច្ចចម្រុះគ្រប់លំដាប់ថ្នាក់ និងកម្លាំងប្រជាការពារ ទូទាំងប្រទេស។
ក្នុងប្រតិបត្តិការ អាជ្ញាធរដែនដី និងសមត្ថកិច្ចពាក់ព័ន្ធ ក៏បានចាត់វិធានការរារាំង ទប់ស្កាត់ ឃាត់ដំណើរ ជនសង្ស័យដែលអាចជាមុខសញ្ញាចូលមករាជធានីភ្នំពេញ បានចំនួន១៨៨នាក់ ដោយពន្យល់អប់រំណែនាំ រួចអនុញ្ញាតឱ្យវិលត្រឡប់ទៅផ្ទះវិញ។ ការឃាត់ខ្លួន និង អនុវត្តវិធានការរដ្ឋបាលនេះ ដោយគ្រាន់តែអប់រំណែនាំធ្វើកិច្ចសន្យាឱ្យវិលត្រឡប់ទៅផ្ទះវិញ មានចំនួន៥៧នាក់ និងបានឃាត់ខ្លួនមេបណ្តាញមួយចំនួនបញ្ជូនទៅតុលាការអនុវត្តតាមច្បាប់ ភ្ជាប់ដោយភស្តុតាងយ៉ាង រឹងមាំ រួមមានអាវុធកែច្នៃផ្សេងៗ ឧបករណ៍សម្ភារៈបង្កគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស សារសំឡេងបញ្ជា ញុះញង់ឱ្យប្រើហិង្សា ព្រមទាំងមធ្យោបាយល្មើសមួយចំនួនទៀតសម្រាប់អនុវត្តផែនការដ៏ខ្មៅងងឹតនេះ។
ក្រសួងមហាផ្ទៃ ថ្លែងអំណរគុណ ចំពោះប្រជាជនទូទាំងប្រទេស ដែលបានបង្ហាញនូវស្មារតីសាមគ្គីដ៏រឹងមាំជាមួយរាជរដ្ឋាភិបាល កងកម្លាំង ប្រដាប់អាវុធគ្រប់ប្រភេទ និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ក្នុងកិច្ចការពារ ថែរក្សាសុខសន្តិភាព និង ស្ថិរភាពសង្គម។ក្រសួង មានជំនឿយ៉ាងមុតមាំលើទឹកចិត្តស្នេហាជាតិរបស់ប្រជាជនកម្ពុជាគ្រប់មជ្ឈដ្ឋាន អាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ព្រមទាំងកម្លាំងប្រជាការពារទូទាំងប្រទេស ក្នុងការ បន្តស្មារតីដ៏អង់អាចចូលរួមជាមួយរាជរដ្ឋាភិបាលស្របច្បាប់ ដើម្បីការពារនិងថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ ស្ថិរភាពសង្គម និងសន្តិភាព ដែលជាមូលដ្ឋានគ្រឹះយ៉ាងសំខាន់មិនអាចខ្វះបាន សម្រាប់អភិវឌ្ឍ សង្គមជាតិ៕