Cctimesw1140xh150cm copy

លោក ដេត សុខឧត្តម ទទួលបានពានរង្វាន់ «នវានុវត្តន៍ជនសហគមន៍សកល» ក្រោយធ្វើការក្នុងវិស័យអប់រំ ១៥ឆ្នាំ

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ លោកដេត សុខឧត្តម ទទួលបានពានរង្វាន់ ផ្នែកនវានុវត្តន៍ជនសហគមន៍សាកលប្រចាំឆ្នាំ២០២៤ ពីអង្គការ Global Tassel ដោយផ្អែកលើការចូលរួមចំណែករបស់លោកក្នុងការលើកកម្ពស់វិស័យអប់រំនៅកម្ពុជា ដែលជាការរួមចំណែកអភិវឌ្ឍន៍សហគមន៍សាកល។

លោក ដេត សុខឧត្តម បច្ចុប្បន្នប្រធានប្រតិបត្តិនៃក្រុមហ៊ុន ផារ៉ាហ្គន អេឌ្យូខេសិន ទទួលបានពានរង្វាន់ផ្នែកនវានុវត្តន៍ជនសហគមន៍សាកលប្រចាំឆ្នាំ២០២៤(The Global Community Innovator Awards) ពីអង្គការ Global Tassel នាសហរដ្ឋអាមេរិក ដោយផ្អែកលើការចូលរួមចំណែករបស់លោកក្នុងការលើកកម្ពស់វិស័យអប់រំនៅកម្ពុជារយៈពេលប្រមាណ ១៥ឆ្នាំចុងក្រោយ ដែលជាការរួមចំណែកអភិវឌ្ឍន៍សហគមន៍សាកល។លោកដេត សុខឧត្តម ជាកូនខ្មែរដំបូងគេនៅកម្ពុជាដែលទទួលបានពានរង្វាន់ពីអង្គការដែលចងក្រងដោយក្រុមបញ្ញាវន្តអន្តរជាតិនេះ។

ប្រធានក្រុមប្រឹក្សាភិបាល Global Tassel លោក Elvin T. Ramos ក្នុងដំណើរបេសកកម្មមកកាន់កម្ពុជា លោកបាននាំយកពានរង្វាន់នវានុវត្តន៍ជនសហគមន៍សាកល នេះ មកប្រគល់ជូនដោយផ្ទាល់ដល់ទៅកាន់ លោកដេត សុខឧត្តម នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ រយៈពេលជាង ២ខែ បន្ទាប់ពីអង្គការនេះប្រារព្ធកម្មវិធីប្រកាសពាន់រង្វាន់នេះជាផ្លូវការនៅឯទីក្រុងញូយ៉ក សហរដ្ឋអាមេរិក កាលពីខែមិថុនា កន្លងទៅ។ លោកដេត សុខឧត្តម បានផ្តល់បទសម្ភាសថា មូលហេតុដែលលោកយឺតយ៉ាវទទួលបានពានរង្វាន់ដែលគេផ្តល់លោកតាំងពីខែមិថុនា ដែលទើបសម្រេចទទួលនៅខែសីហា ដោយសារលោកមិនចង់ឱ្យអង្គការ Global Tassel ចំណាយថ្លៃធ្វើដំណើរនានា ដែលគួរបង្វិលចំណាយទាំងនោះទៅក្នុងមូលនិធិដើម្បីផ្តល់ជាអាហារូបករណ៍ដល់និស្សិតក្រីក្រតាមបណ្តាប្រទេសនានាវិញ។

លោក សុខឧត្តមបានលើកឡើងថា លោកនឹងចួលរួមចំណែកក្នុងការលើកស្ទួយវិស័យអប់រំកម្ពុជាទៅតាមលទ្ធភាពដែលអាចធ្វើបាន ជាពិសេសការផ្តល់ឱកាសអាហារូបករណ៍ដល់បណ្តានិស្សិតក្រីក្រឱ្យបានចូលរួមកម្រិតមហាវិទ្យាល័យដែលមានស្តង់ដារ ដែលលោកមានជំនឿថា មានតែការអប់រំដ៏ល្អនោះទេ ដែលជាមុខព្រួញកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍន៍ប្រទេសប្រកបដោយប្រសិទ្ធិភាព ដែលលោកថា ធនធានមនុស្សកម្ពុជាដែលជានិស្សិត នឹងក្លាយជាសសរទ្រូងសំខាន់របស់ជាតិទៅថ្ងៃក្រោយ។

លោកសង្កត់ធ្ងន់ថា៖ «សម្រាប់ខ្ញុំ វាជាមោទកភាពសម្រាប់ខ្លួនខ្ញុំផ្ទាល់ដែលមានអង្គការនៅស្រុកគេ ដែលមានទស្សនវិស័យលើកកម្ពស់ការអភិវឌ្ឍន៍សហគមន៍ គេឃើញស្នាដៃនិងទឹកចិត្តរបស់ខ្ញុំ។ សម្រាប់សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន តាមរយៈកិច្ចសហការយើងអាចផ្តល់អាហារូបករណ៍ឱ្យសិស្សផ្សេងៗដោយអង្គការ។ សម្រាប់ប្រទេស ខ្ញុំយល់ថា វាមិនធំដុំអ្វីឡើយ តែយ៉ាងណាក៏អាចឱ្យគេបានស្គាល់កម្ពុជាយើងដែរតាមរយៈអង្គការ Global Tassel នេះ»។

លោកបង្ហាញការសប្បាយចិត្តដែលអង្គការ Global Tassel មើលឃើញពីគុណតម្លៃនៃសកម្មភាពដែលលោកបានរួមចំណែកក្នុងការអភិវឌ្ឍន៍សហគមន៍កម្ពុជាតាមរយៈវិស័យអប់រំ តួយ៉ាងការផ្តល់អាហារូបករណ៍ដល់និស្សិតក្រីក្រក្នុងនាមលោកជាថ្នាក់ដឹកនាំសាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន ការធ្វើបទបង្ហាញពីវិស័យអប់រំដល់បញ្ញាវន្តជាតិ និងអន្តរជាតិ មូលនិធិបុប្ផាគន្ធសម្រាប់ផ្តល់អាហារូបករណ៍ដល់និស្សិតក្រីក្រ។

លោកដេត សុខឧត្តម បច្ចុប្បន្នជាប្រធានប្រតិបត្តិ(COO) នៃក្រុមហ៊ុន ផារ៉ាហ្គន អេឌ្យូខេសិន និងជាអតីតសាកលវិទ្យាធិការនៃសាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គនពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២៣ ។ លោកបានបញ្ចប់ថ្នាក់បណ្ឌិតនៅប្រទេសអាល្លឺម៉ង់ នៅឆ្នាំ២០១៤។ នៅឆ្នាំ២០០៩ លោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកសិក្សាអាស៊ីអាគ្នេយ៍នៅសាកលវិទ្យាល័យអូហាយ៉ូ(Ohio) សហរដ្ឋអាមេរិក។ សម្រាប់ថ្នាក់បរិញ្ញាបត្រវិញ លោកបានបញ្ចប់ផ្នែកសង្គមវិទ្យានាសាកលវិទ្យាល័យបូហ្គាហ្ស៊ីស៊ី(Boğaziçi) កាលពីឆ្នាំ២០០៦។

គួរបញ្ជាក់ផងដែរថា អង្គការ Global Tassel បានរៀបចំកម្មវិធី Gala ដើម្បីប្រារព្ធខួបស្ថាបនិកលើកទី១០ របស់ខ្លួន ដើម្បីគៀគរមូលនិធិយកទៅប្រើប្រាស់ដើម្បីបេសកម្មរបស់ខ្លួន កាលពីខែមិថុនា ឆ្នាំ២០២៤ នៅទីក្រុងញូយ៉ក សហរដ្ឋអាមេរិក ដែលក្នុងនោះ មានការប្រកាសប្រគល់ពានរង្វាន់ចំនួន១០ ដល់បុគ្គលដែលមានស្នាដៃពីជាតិសាសន៍ផ្សេងៗគ្នា ចំនួន ១០រូប ក្នុងបេសកកម្មផ្តល់ឱកាសដល់យុវជនក្រីក្រទទួលបានការអប់រំកម្រិតមហាវិទ្យាល័យប្រកបដោយគុណភាព រួមផ្សំការអប់រំភាពជាអ្នកដឹកនាំ សម្រាប់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ដែលជាជំរុញការអភិវឌ្ឍន៍សហគមន៍ ជាចំណែកកាត់បន្ថយភាពក្រីក្រ ដែលជាបេសសកម្មមួយស្របតាមផែនការអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ(SDGs)៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង