Img 1426
Swift cc time

លោក គុយ សុផល ត្រូវបានព្រះមហាក្សត្រប្រោសព្រះរាជទានគោរមងាជា«សម្តេច» និងជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤នេះ បានត្រាស់បង្គាប់ផ្តល់គោរមងារ ឧកញ៉ា មហាមន្ត្រី គុយ សុផល ជា «សម្តេច» និង តែងតាំងជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ជំនួសសម្តេចចៅហ្វាវាំង គង់ សំអុល ដែលបានទទួលមរណភាព នៅព្រឹកថ្ងៃនេះ។

យោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី ២ ខែកញ្ញា ព្រះករុណា ព្រះមហាក្សត្រ ទ្រង់យល់ លោក គុយ សុផល បានខិតខំប្រឹងប្រែងយ៉ាងសកម្ម និង លះបង់កម្លាំងកាយ ចិត្ត ទាំងថ្ងៃទាំងយប់ ក្នុងការបំពេញភារកិច្ចថ្វាយព្រះមហាក្សត្រ ថ្វាយសម្តេចព្រះវររាជមាតាជាតិខ្មែរ និង ជូនក្រសួងព្រះបរមរាជវាំង និង បានបំពេញតួនាទីខ្លួនយ៉ាងខ្ជាប់ខ្ជួននៅគ្រប់ពេលវេលា គ្រប់ទីកន្លែង ប្រកបដោយមនសិការ និង ការទទួលខុសត្រូវខ្ពស់ ទទួលបានលទ្ធផលល្អប្រសើរ។

គួរបញ្ជាក់ថា លោក គុយ សុផល កាលពីថ្ងៃទី៣ ខែកុម្ភៈ ទើបតែត្រូវបានព្រះករុណាព្រះមហាក្សត្រ ទ្រង់សព្វព្រះរាជហឫទ័យប្រោសព្រះរាជទានគោរមងារជា «ឧកញ៉ាមហាមន្ត្រី គុយ សុផល»។ ចំពោះតួនាទីនៅពេលនេះ គឺធ្វើឡើងភ្លាមៗក្រោយពី សម្តេចចៅហ្វាវាំង គង់ សំអុល អតីតឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង បានទទួល មរណភាពហើយ នៅថ្ងៃទី០២ ខែកញ្ញានេះ ក្នុងជន្មាយុ៩៤ឆ្នាំ ដោយជរាពាធ៕

Khcct banner

អត្ថបទទាក់ទង