ហ្សេរុយសាឡឹម៖ ពលរដ្ឋអ៊ីស្រាអែលរាប់ម៉ឺននាក់បាននាំគ្នាចេញបាតុកម្មនៅព្រឹកអាទិត្យបន្ទាប់ពីចំណាប់ខ្មាំងអ៊ីស្រាអែល៦នាក់ ត្រូវបានក្រុមសកម្មយុទ្ធប៉ាឡេស្ទីនក្នុងតំបន់ហ្គាហ្សាបានសម្លាប់ផ្តាច់ជីវិត។ ការផ្ទុះបាតុកម្មទ្រង់ទ្រាយធំបែបនេះកើតឡើងបន្ទាប់ពីពលរដ្ឋអ៊ីស្រាអែលមានការខកចិត្តជាមួយនិងនាយករដ្ឋមន្រ្តីរបស់ខ្លួនជាខ្លាំងដោយមិនស្វែងរកផ្លូវចចារបញ្ចប់សង្រ្គាមជាមួយនិងក្រុមសកម្មយុទ្ធប៉ាឡេស្ទីន។
ក្រុមបាតុករដែលត្រូវបានប៉ាន់ប្រមាណដោយប្រព័ន្ធផ្សព្វផ្សាយរបស់អ៊ីស្រាអែលថាមានចំនួនរហូតដល់ ៥០ម៉ឺន ដែលកំពុងតែធ្វើបាតុកម្មពាសពេញទីក្រុងហ្សេរុយសាឡឹម ទីក្រុង Tel Aviv និងទីក្រុងដទៃទៀត ដោយទាមទារឱ្យនាយករដ្ឋមន្ត្រីចាំផ្ទះលោក Benjamin Netanyahu នាំយកចំណាប់ខ្មាំងចំនួន ១០១ នាក់មកផ្ទះវិញ។
នៅក្រុងហ្ស៊េរុយសាឡិម ក្រុមបាតុករបានបិទផ្លូវ និងធ្វើបាតុកម្មនៅខាងក្រៅគេហដ្ឋានរបស់នាយករដ្ឋមន្ត្រី។រូបភាពពីលើអាកាសបានបង្ហាញពីផ្លូវហាយវេដ៏ធំមួយរបស់ទីក្រុង Tel Aviv ដែលពោរពេញទៅដោយក្រុមអ្នកតវ៉ាកាន់ទង់ជាតិជាមួយនឹងរូបភាពនៃចំណាប់ខ្មាំងដែលត្រូវបានសម្លាប់។ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថាមានការចាប់ខ្លួនក្រុមបាតុករ២៩នាក់ និងមួយចំនួនទៀតត្រូវបានក្រុមប៉ូលីសប្រើឧបករណ៍បង្ក្រាប។
នាយករដ្ឋមន្រ្តីចាំផ្ទះរបស់អ៊ីស្រាអែលលោក Netanyahu ដែលប្រឈមមុខនឹងការអំពាវនាវកាន់តែខ្លាំងឡើងដើម្បីបញ្ចប់សង្រ្គាមជិត ១១ ខែជាមួយនឹងកិច្ចព្រមព្រៀងបទឈប់បាញ់ និងការដោះលែងចំណាប់ខ្មាំងដែលនៅសេសសល់បានអះអាងថា អ៊ីស្រាអែលនឹងមិនបញ្ឈប់ការកម្ទេចក្រុមសកម្មយុទ្ធឡើយ រហូតដល់ចាប់ខ្លួនអ្នកដែលទទួលខុសត្រូវជុំវិញនៃការវាយប្រហារលើអ៊ីស្រាអែល។
ចាប់តាំងពីអ៊ីស្រាអែលបើកការវាយប្រហារសងសឹងលើក្រុមប៉ាឡេស្ទីនមកមានប្រជាជនប៉ាឡេស្ទីនចំនួនជាង ៤ម៉ឺននាក់ត្រូវបានសម្លាប់។ ជនភៀសខ្លួនកំពុងរស់នៅក្នុងស្ថានភាពធ្ងន់ធ្ងរ ជាមួយនឹងទីជំរកមិនគ្រប់គ្រាន់ និងវិបត្តិអត់ឃ្លានកំពុងតែកើនមានឡើងខ្លាំងក្នុងតំបន់ជម្លោះ៕