ភ្នំពេញ៖ ក្នុងអំឡុងពេលថ្មីៗនេះ ក្រសួងធនធានទឹក និងឧតុនិយម សង្កេតឃើញមានក្រុមជនមួយចំនួនបានធ្វើ សកម្មភាពរំលោភបំពានតាមបណ្ដោយដងស្ទឹងព្រែកត្នោតដូចជា ការចាក់ដីរំលោភចូលស្ទឹងព្រែកត្នោត ការរំលោភកាន់កាប់មាត់ច្រាំងស្ទឹងព្រែកត្នោត និងការរំលោភចូលដីចំណីស្ទឹងព្រែកត្នោត ដែលមានចម្ងាយ៣០ម៉ែត្រ ពីមាត់ច្រាំងស្ទឹង។ ករណីនេះក្រសួងស្នើឲ្យអាជ្ញាធរ មានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ទប់ស្កាត់និងចាត់វិធានការតាមផ្លូវច្បាប់លើក្រុមជនទាំងនោះ។
ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៩ សីហា បានចេញសេចក្តីប្រកាសព័ត៌មានថា ក្នុងអំឡុងពេលថ្មីៗនេះ ក្រសួងសង្កេតឃើញមានក្រុមជនមួយចំនួនបានធ្វើ សកម្មភាពរំលោភបំពានតាមបណ្ដោយដងស្ទឹងព្រែកត្នោតដូចជា ការចាក់ដីរំលោភចូលស្ទឹងព្រែកត្នោត ការរំលោភ កាន់កាប់មាត់ច្រាំងស្ទឹងព្រែកត្នោត និងការរំលោភចូលដីចំណីស្ទឹងព្រែកត្នោត ដែលមានចម្ងាយ៣០ម៉ែត្រ ពីមាត់ច្រាំងស្ទឹង។
ក្រសួងបានបញ្ជាក់ថា ដងស្ទឹងព្រែកត្នោត រួមទាំងមាត់ច្រាំង ស្ទឹង និងដីចំណីស្ទឹងចម្ងាយ៣០ម៉ែត្រ ពីមាត់ច្រាំងស្ទឹង គឺជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ដែលការពារដោយ រដ្ឋធម្មនុញ្ញ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។ ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ជាទ្រព្យសម្បត្តិ ដែលត្រូវបានប្រើប្រាស់ជាប្រយោជន៍សាធារណៈ ហើយបុគ្គលមិនអាចយកមកធ្វើជាកម្មសិទ្ធិបានឡើយ ទោះបីជាខ្លួនបានចូលកាន់កាប់តាំងពីពេលណាមកក៏ដោយ(ពុំមានអាជ្ញាយុកាល)។
យោងតាមមាត្រា៨១ នៃច្បាប់ស្តីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ ដែលប្រកាសឱ្យ ប្រើដោយព្រះរាជក្រមលេខ នស/រកម/១១២០/០៣០ ចុះថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ ចែងថា៖ រាល់អំពើរំលោភកាន់កាប់ទ្រព្យសម្បត្តិរដ្ឋ ជាអចលនទ្រព្យដោយខុសច្បាប់ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២(ពីរ)ឆ្នាំ ដល់ ៥(ប្រាំ)ឆ្នាំ និងពិន័យជាប្រាក់ពី ៤ ០០០ ០០០(បួនលាន)រៀល ដល់ ១០ ០០០ ០០០ (ដប់លាន)រៀល”។
អាស្រ័យហេតុនេះ ក្រសួងធនធានទឹក និងឧតុនិយម អំពាវនាវដល់សាធារណជនទាំងអស់ចូលរួម ថែរក្សាការពារទ្រព្យសម្បត្តិរបស់រដ្ឋ ជាពិសេសដងស្ទឹងព្រែកត្នោត មាត់ច្រាំងស្ទឹង និងដីចំណីស្ទឹងចម្ងាយ៣០ម៉ែត្រពី មាត់ច្រាំងស្ទឹង ដែលជាប្រភពទឹកដ៏សំខាន់សម្រាប់បម្រើដល់ជីវិតមនុស្ស សត្វ និងរុក្ខជាតិ។
ក្រសួងបានអំពាវនាវដល់បងប្អូនដែលបានចូលកាន់កាប់មាត់ច្រាំងស្ទឹងព្រែកត្នោត និងដីចំណីស្ទឹងព្រែកត្នោតចម្ងាយ៣០ម៉ែត ពីមាត់ច្រាំងស្ទឹង ដោយពុំបានដឹងអំពីបទប្បញ្ញត្តិច្បាប់ជាធរមាន សូមសហការរុះរើសំណង់ និងដកចេញដោយ ស្ម័គ្រចិត្តដើម្បីចូលរួមអនុវត្តគម្រោងរំដោះទឹកជំនន់ស្ទឹងព្រែកត្នោត។
ជាមួយគ្នានោះ ក្រសួងក៏បានស្នើដល់អាជ្ញាធរ មានសមត្ថកិច្ចពាក់ព័ន្ធ ជាពិសេសរដ្ឋបាលខេត្តកំពង់ស្ពឺ រដ្ឋបាលខេត្តកណ្តាល និងរដ្ឋបាលរាជធានីភ្នំពេញ ចូលរួម ហើយសហការទប់ស្កាត់និងចាត់វិធានការតាមផ្លូវច្បាប់លើជនរឹងរូសដែលពុំព្រមសហការជាមួយអាជ្ញាធរ នៅតែបន្តសកម្មភាពរំលោភប៉ះពាល់ដល់ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋនៅតាមបណ្តោយដងស្ទឹងព្រែកត្នោត៕