ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី ២៦ សីហា បានប្រកាសដាក់ឱ្យដំណើរការ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន»ជាគំនិតផ្តួចផ្តើមឡើងដោយសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ក្រោយប្រកាសដាក់ឱ្យដំណើរការ យើងឃើញថា ប្រជាពលរដ្ឋខ្មែរជាច្រើនបាននាំគ្នាំចូលរួមយ៉ាងផុលផុសតាមលទ្ធភាពដែលខ្លួនមាន។ត្រឹមតែរយៈពេល៤ថ្ងៃ «មូលនិធិកសាងហេដ្ឋារចនាសម័្ពន្ធតាមព្រំដែន» បានថវិកាជាង១១លានដុល្លារ ជាមួយអ្នកចូលរួមបរិច្ចាគប្រមាណជាង២៥ម៉ឺននាក់នៅទូទាំងប្រទេសកម្ពុជា។
គិតត្រឹមម៉ោង ៨យប់ថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០២៤ម្សិលមិញ យុទ្ធនាការជាតិនិយម ដើម្បីចូលរួម «មូលនិធិកសាងហេដ្ឋារចនាសម័្ពន្ធតាមព្រំដែន» បានកើនឡើងដល់ជាង ២៥ម៉ឺននាក់ដែលជាចំនួនកើនឡើងយ៉ាងឆាប់រហ័ស ដោយគ្រាន់តែនៅក្នុងថ្ងៃទី ២៩ សីហា ដែលជាថ្ងៃទី៤នៃការចាប់ផ្តើមយុទ្ធនាការ គឺមានប្រជាពលរដ្ឋខ្មែរចូលរួមរហូតទៅដល់ប្រមាណជាង៧ម៉ឺននាក់ និង បានចូលរួមបរិច្ចាគដោយស្ម័គ្រចិត្ត ដោយថវិកាសរុបបានកើនឡើងដល់ជាង ១១ លានដុល្លារ។
បើតាមប្រភពពីមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន - FBID ប្រជាពលរដ្ឋខ្មែរដែលបានចូលរួមបរិច្ចាគកើតឡើងយ៉ាងឆាប់រហ័ស និងទទួលបានស្ទើរគ្រប់មជ្ឈដ្ឋាន ជាពិសេស ប្រជាពលរដ្ឋខ្មែរនៅតាមមូលដ្ឋានចូលរួមបរិច្ចាគថវិកាតាមលទ្ធភាពបង្ហាញពីក្តីស្រឡាញ់ជាតិមាតុភូមិ ពោរពេញដោយសាមគ្គីភាពក្នុងសង្គមខ្មែរបច្ចុប្បន្ន។
រាជរដ្ឋាភិបាលកម្ពុជា បានហៅ«មូលនិធិអភិវឌ្ឍព្រំដែន»ជាស្មារតីសាមគ្គីការពារជាតិពិតប្រាកដពីសំណាក់គ្រប់មជ្ឈដ្ឋាននៃប្រជាជាតិខ្មែរ។សម្រាប់ប្រជាពលរដ្ឋដែលបារម្ភខ្លាចបាត់ដី៤ខេត្តទៅវៀតណាម រាជរដ្ឋាភិបាលចាត់ទុកថា នេះជាពេលវេលាល្អសម្រាប់ការចូលរួម ដើម្បីកសាងផ្លូវថ្នល់ ការកសាងសាលារៀនមន្ទីរពេទ្យ អណ្តូងទឹក។ល។នៅតាមភូមិថ្មីៗដែលរាជរដ្ឋាភិបាលនឹងចែកដីជូនប្រជាជនដែលគ្មានដីទៅរស់នៅ និង តាំងទីលំនៅទីនោះ។
គួរបញ្ជាក់ថា នៅយប់ថ្ងៃព្រហស្បតិ៍ ទី២២ សីហា ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន ម៉ាណែត បានប្រកាសផ្តួចផ្តើមបង្កើតមូលនិធិកៀរគរថវិកាពលរដ្ឋទៅកសាងហេដ្ឋារចនាសម្ព័ន្ធនៅតាមបណ្តោយព្រំដែនក្នុងទិសដៅការពារបូរណភាពទឹកដីខ្មែរ។មូលនិធិថ្មីនេះនឹងផ្តោតសំខាន់លើការកសាងផ្លូវក្រវាត់ព្រំដែន៕