Cctimesw1140xh150cm copy

រុស្ស៊ីវាយបកអ៊ុយក្រែនក្នុងតំបន់ខើក

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

រុស្ស៊ី៖ កងកម្លាំងរុស្ស៊ីបានដណ្តើមយកទីតាំងសំខាន់ៗ ក្នុងតំបន់ Donetsk និងបានវាយបកសងសឹកអ៊ុយក្រែនដែលកំពុងតែកាន់កាប់តំបន់ Kursk ក្នុងប្រទេសរុស្ស៊ី។ ការវាយប្រហាររបស់រុស្ស៊ីបានកម្ទេចសម្ភារៈយោធាអ៊ុយក្រែន និងជំនួយសព្វាវុធរបស់អាម៉េរិកអស់ជាច្រើនទីតាំង។

យោងតាមរបាយការណ៍របស់ក្រសួងការពារជាតិរុស្ស៊ី កងកម្លាំងរុស្ស៊ីបានគ្រប់គ្រងទីតាំង ក្នុងតំបន់ Donetsk និងបានវាយប្រហារជំរុំទាហានស៊ីឈ្នួលអ៊ុយក្រែន រួមមានតំបន់ Kharkiv, Avdeyevka, Donetsk និងទិសដៅផ្សេងទៀត។ កងទ័ពរុស្ស៊ីបានវាយលុកការវាយប្រហាររបស់អ៊ុយក្រែនជាច្រើនលើក សម្លាប់ និងរបួសយោធាជាច្រើននាក់ ព្រមទាំងបំផ្លាញរថក្រោះ រថពាសដែក និងបាញ់ទម្លាក់ដ្រូនរបស់អ៊ុយក្រែនចំនួន ៤៩ គ្រឿង។

ជាការឆ្លើយតបអ៊ុយក្រែនបានអះអាងថា មានការប្រយុទ្ធគ្នាចំនួន ១១១លើក នៅជួរមុខក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះរវាងកងកម្លាំងអ៊ុយក្រែន-រុស្ស៊ី។ កងកម្លាំងអ៊ុយក្រែនកំពុងការពារយ៉ាងរឹងមាំ ដើម្បីរារាំងកងកម្លាំងរបស់រុស្ស៊ីក្នុងការវាយបកយកតំបន់ខើកត្រឡប់វិញ។ នៅតំបន់ Pokrovsk កងកម្លាំងអ៊ុយក្រែន ក៏បានរារាំងការវាយលុកការវាយប្រហារចំនួន ២៣លើកពីកងទ័ពរុស្ស៊ី។ នាយកដ្ឋានស៊ើបការណ៍នៃក្រសួងការពារជាតិអ៊ុយក្រែន បានប្រើប្រាស់ដ្រូនដើម្បីវាយប្រហារឃ្លាំងផ្ទុកប្រេងនៅតំបន់ Rostov Oblast ក្នុងប្រទេសរុស្ស៊ី និងបានបំផ្លាញអគារឧស្សាហកម្មយោធារុស្ស៊ីផ្សេងទៀត។

គួរបញ្ជាក់ថាកាលពីថ្ងៃទី ៦ សីហាអ៊ុយក្រែនបានវាយចូលដល់ដែនដីរុស្ស៊ីក្នុងតំបន់ Kursk ដែលជាការលុកលុយដ៏ធំបំផុតចូលព្រំដែនរុស្ស៊ីចាប់តាំងពីសង្រ្គាមបានផ្ទុះកាលពីថ្ងៃទី ២៤ ខែ កុម្ភៈ ឆ្នាំ ២០២២ មកនេះជាជោគជ័យធំរបស់អ៊ុយក្រែន ក៏ដូចជាការធ្វេសប្រហែសរបស់ទាហានរុស្ស៊ីដែលកំពុងតែឈរជើងនៅតាមព្រំដែននៃតំបន់ Kursk៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង