កូរ៉េ៖ មន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈចំនួន៦រូប បានបញ្ចប់ការសិក្សាដោយជោគជ័យលើផ្នែកវិស្វកម្មសុវត្ថិភាព (Safety Engineering) នៅសាកលវិទ្យាល័យជាតិវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាសេអ៊ូល (Seoul National University of Science and Technology) ឬហៅកាត់ថា SEOULTECH ដែលជាសាកលវិទ្យាល័យឈានមុខគេលើការបណ្ដុះបណ្ដាលផ្នែកវិស្វកម្មសុវត្ថិភាព នៅទីក្រុងសេអ៊ូល នៃសាធារណរដ្ឋកូរ៉េ។
ក្រោមកិច្ចសហប្រតិបត្តិការលើគម្រោងជំនួយអភិវឌ្ឍន៍ផ្លូវការមជ្ឈមណ្ឌលបណ្ដុះបណ្ដាលសុវត្ថិភាពនិងសុខភាពការងារ របស់រាជរដ្ឋាភិបាលកូរ៉េ សម្រាប់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ មន្ត្រីរាជការនៃនាយកដ្ឋានពេទ្យការងារ ចំនួន៦រូប បានធ្វើតេស្តជាប់អាហារូបករណ៍ទៅបន្តការសិក្សាផ្នែកវិស្វកម្មសុវត្ថិភាព នៅសាកលវិទ្យាល័យជាតិវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាសេអ៊ូល រយៈពេល ២ឆ្នាំ គិតចាប់ពីខែកញ្ញា ឆ្នាំ២០២២ រហូតដល់ខែសីហា ឆ្នាំ២០២៤។
មន្ត្រីរាជការកម្ពុជាទាំង៦រូប បានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតដោយជោគជ័យលើជំនាញបច្ចេកទេសផ្នែកវិស្វកម្មសុវត្ថិភាព ដែលមានជំនាញ ដូចជា អនាម័យការងារ និងសុខភាពបរិស្ថាន, ដំណើការគ្រប់គ្រងសុវត្ថិភាព និងវាយតម្លៃហានិភ័យ, បង្ការគ្រោះមហន្តរាយ និងជំនាញសុវត្ថិភាពសំណង់។
មន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈចំនួន៦រូប ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យនៅសាធារណរដ្ឋកូរ៉េ នឹងក្លាយជាធនធានមនុស្សដ៏ចាំបាច់ និងមានសមត្ថភាពចូលរួមចំណែកជាមួយនាយកដ្ឋានពេទ្យការងារ ក្នុងការរៀបចំដំណើរការ និងការប្រព្រឹត្តិទៅនៃមជ្ឈមណ្ឌលសុវត្ថិភាពនិងសុខភាពការងារ ដែលជាមជ្ឈមណ្ឌលដំបូងគេនៅកម្ពុជាបំពាក់នូវបរិក្ខារបណ្ដុះបណ្ដាលទំនើបៗ សម្រាប់ផ្ដល់ការបណ្ដុះបណ្ដាលផ្នែកសុវត្ថិភាព និងសុខភាពការងារដល់គណៈគ្រប់គ្រង បុគ្គលិក និងជនបង្គោលផ្នែកសុវត្ថិភាព និងសុខភាពការងារនៅតាមបណ្ដារោងចក្រ សហគ្រាស និងភាគីពាក់ព័ន្ធដទៃទៀត ដើម្បីធានាឱ្យបាននូវសុវត្ថិភាពការងារជាអតិបរមា និងកាត់បន្ថយគ្រោះថ្នាក់ការងារនៅកន្លែងធ្វើការឱ្យនៅកម្រិតអប្បបរមា៕