ភ្នំពេញ៖ សមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជាកាលពីថ្ងៃទី២៧ សីហា បានចេញសេចក្តីអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរសែស្រឡាយចិន ចូលរួមបរិច្ចាគថវិកាតាមលទ្ធភាព នៃមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដែលជាគំនិតផ្តួចផ្តើមរបស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា។
សមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា អំពាវនាវដល់អង្គការ សមាគម សមាគមពាណិជ្ជកម្ម សមាគមត្រកូល សាលារៀនភាសាចិន សហគ្រាស ក្រុមហ៊ុន ដែលជាសមាគមក្រោមចំណុះនិងជាសមាជិករបស់ខ្លួន និងបានអំពាវនាវដល់បងប្អូនខ្មែរសែស្រឡាយចិន បង្ហាញសកម្មភាពគាំទ្រដល់យុទ្ធនាការដ៏មានសារៈសំខាន់មួយនេះ មិនថាចំនួនទឹកប្រាក់តិចក្តី ច្រើនក្តី គឺជាការបង្ហាញពីក្តីស្រលាញ់ចំពោះជាតិមាតុភូមិ។
បើតាមសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា ការកសាង និង លើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន នឹង មានប្រសិទ្ធភាពខ្ពស់ក្នុងការបង្កើនសមត្ថភាពលើវិស័យដឹកជញ្ជូនជំរុញទំនាក់ទំនងពាណិជ្ជកម្ម ទាក់ទាញអ្នកវិនិយោគកាន់តែច្រើន បង្កើនចលនាសេដ្ឋកិច្ចកម្ពុជា បង្កើតឱកាសការងារ និង ផ្តល់ផលប្រយោជន៍ជាច្រើនដល់ប្រជាពលរដ្ឋ។
គួរបញ្ជាក់ថា នៅយប់ថ្ងៃព្រហស្បតិ៍ ទី២២ សីហា ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន ម៉ាណែត បានប្រកាសផ្តួចផ្តើមបង្កើតមូលនិធិកៀរគរថវិកាពលរដ្ឋទៅកសាងហេដ្ឋារចនាសម្ព័ន្ធនៅតាមបណ្តោយព្រំដែនក្នុងទិសដៅការពារបូរណភាពទឹកដីខ្មែរ។មូលនិធិថ្មីនេះនឹងផ្តោតសំខាន់លើការកសាងផ្លូវក្រវាត់ព្រំដែន៕