តូក្យូ៖ សមាជិកបួននាក់នៃគ្រួសាររបស់ជប៉ុនមួយបានបាត់ខ្លួននៅព្រឹកថ្ងៃពុធនេះបន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងពីការវាយប្រហាររបស់ព្យុះទីហ្វុងដែលបានបង្កឲ្យការរអិលបាក់ដី។ ព្យុះទីហ្វុង Shanshan ស្ថិតនៅចម្ងាយ ៨០ គីឡូម៉ែត្រភាគឦសាននៃប្រជុំកោះ Amami ភាគខាងត្បូងបាននាំជាមួយខ្យល់បក់រហូតដល់ ២៥២ គីឡូម៉ែត្រក្នុងមួយម៉ោង បានបង្កទៅជាការរអិលបាក់ដី និងបង្កការប៉ះពាល់ដល់ពលរដ្ឋដែលរស់នៅកន្លែងរងគ្រោះ។
មន្រ្តីក្នុងតំបន់កើតហេតុបានឲ្យដឹងថាការរអិលបាក់ដីបានវាយប្រហារផ្ទះមួយដែលមានសមាជិកគ្រួសារប្រាំនាក់រស់នៅក្នុងនោះមានប្តីប្រពន្ធមួយគូវ័យ ៧០ ឆ្នាំ ស្ត្រីពីរនាក់ក្នុងវ័យ ៤០ ឆ្នាំ និងបុរសម្នាក់អាយុ ៣០ ឆ្នាំ ដោយមានម្នាក់ក្នុងចំណោមពួកគេត្រូវបានជួយសង្គ្រោះកាលពីល្ងាចថ្ងៃអង្គារ ប៉ុន្តែការស្វែងរកមនុស្ស ៤ នាក់ផ្សេងទៀតបានបន្តពេញមួយយប់។
ភ្នាក់ងារអាកាសធាតុជប៉ុនបានចេញការជូនដំណឹងអំពីភ្លៀងធ្លាក់ខ្លាំងពិសេសសម្រាប់ខេត្ត Kagoshima រួមទាំងខេត្ត Amami ដើម្បីឲ្យពលរដ្ឋបន្តរក្សាការប្រុងប្រយ័ត្ននិងស្វែងរកកន្លែងមានសុវត្ថិភាពបណ្តោះអាសន្ន។ ក្រុមហ៊ុនអាកាសចរណ៍បានលុបចោលជើងហោះហើរជាងច្រើន ហើយប្រតិបត្តិការរថភ្លើងមួយចំនួនអាចនឹងត្រូវផ្អាកនៅសប្តាហ៍នេះ អាស្រ័យលើការវិវត្តន៍នៃព្យុះទីហ្វុង៕