ភ្នំពេញ៖ យុវតី ម៉េង ម៉ូលីណា ដែលជាអ្នកបង្កើតមាតិកាអប់រំមួយរូប បានជាប់អាហារូបករណ៍ UWC ទៅបន្តការសិក្សានៅ United World College Robert Bosch ដែលស្ថិតនៅប្រទេសអាឡឺម៉ង់។
បើតាមគេហទំព័រនៃ UWC Cambodia បានឱ្យដឹងថា យុវតី ម៉េង ម៉ូលីនណា ដែលជាអ្នកបង្កើតមាតិកាអប់រំមួយរូបដែលបានជាប់អាហារូបករណ៍ UWC រយៈពេលពីរឆ្នាំ ទៅបន្តការសិក្សានៅ United World College Robert Bosch ដែលស្ថិតនៅប្រទេសអាឡឺម៉ង់។
លីនណាបានចែករំលែកថា៖ «រយៈពេល ២ ឆ្នាំខាងមុខរបស់ខ្ញុំនៅ United World College Robert Bosch កំណត់ជាការចាប់ផ្តើមនៃឆាកជីវិតរបស់ខ្ញុំ ដែលនឹងពោរពេញទៅដោយការលូតលាស់ និងការស្វែងរកខ្លួនឯងឲ្យបានកាន់តែច្បាស់។»
មុននឹងជាប់អាហារូបករណ៍ UWC ម៉ូលីនណា ជាយុវតីមួយរូបដែលមានភាពសកម្មក្នុងការបង្កើតមាតិកាអប់រំ ដែលតែងចែករំលែកការលើកទឹកចិត្តទៅកាន់យុវជនផ្សេងទៀតតាមរយៈប្រព័ន្ធសង្គមដូចជា ហ្វេសប៊ុក និងទីកតុកជាដើម។ ជាពិសេស យុវតីរូបនេះ ក៏ជាម្ចាស់ពានរង្វាន់ ស្រ្តីអ្នកច្នៃប្រឌិតឌីជីថលឆ្នើមប្រចាំឆ្នាំ២០២៣ ផងដែរ។
យុវតី លីនណា នឹងបន្តការសិក្សារយៈពេលពីរឆ្នាំចាប់ពីឆ្នាំ២០២៤ ដល់ ឆ្នាំ២០២៦ នៅក្នុងសាលាដែលល្បីមួយ ក្នុងចំណោមសាលា១៨ ផ្សេងទៀត ដែលជាផ្នែកមួយនៃបណ្តាញសាលារៀនសកលវិទ្យាល័យ United World Colleges (UWC)។
គួរបញ្ជាក់ផងដែរថា តាមរយៈអាហារូបករណ៍ UWC សាលានឹងផ្តល់ជូននូវការអប់រំអន្តរជាតិដល់យុវជនដែលមានអាយុពី 16-19 ឆ្នាំ។ សិស្សប្រហែល 200 នាក់មកពីជុំវិញពិភពលោករស់នៅ និងរៀនជាមួយគ្នារយៈពេលពីរឆ្នាំ ដោយស្វែងយល់ពីរបៀបដែលពួកគេអាចរួមចំណែកដល់ពិភពលោកកាន់តែមានសន្តិភាព និងនិរន្តរភាព៕