ភ្នំពេញ៖ ទស្សនាវដ្ដី Global Finance កាលពីថ្ងៃទី១៩ សីហា បានចេញផ្សាយឈ្មោះទេសាភិបាលធនាគារកណ្តាលដែលទទួលបានចំណាត់ថ្នាក់ខ្ពស់បំផុត«A+, A, និង A-»នៅក្នុងរបាយការណ៍ធនាគារកណ្តាលឆ្នាំ២០២៤។ នៅក្នុងនោះ លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា ក៏ទទួលបានចំណាត់ថ្នាក់ខ្ពស់ A- ជាទេសាភិបាលមួយដែលដឹកនាំធនាគារកណ្តាលមានប្រសិទ្ធភាពប្រចាំឆ្នាំ២០២៤ នៅលើពិភពលោក ក្នុងចំណោមថ្នាក់ដឹកនាំធនាគារកណ្តាលប្រមាណ ១០០ ប្រទេស។
ទស្សនាវដ្ដី Global Finance បានចេញផ្សាយឈ្មោះទេសាភិបាលធនាគារកណ្តាលដែលទទួលបានចំណាត់ថ្នាក់ខ្ពស់បំផុត«A+, A, និង A-»នៅក្នុងរបាយការណ៍ធនាគារកណ្តាលឆ្នាំ២០២៤។ បញ្ជីចំណាត់ថ្នាក់ពេញលេញនៃរបាយការណ៍ធនាគារកណ្តាលឆ្នាំ២០២៤ នឹងបង្ហាញនៅក្នុងការបោះពុម្ព និងឌីជីថល នៅខែតុលារបស់ Global Finance ក៏ដូចជាអនឡាញនៅ GFMag.com ។ របាយការណ៍របស់ធនាគារកណ្តាលដែលត្រូវបានបោះពុម្ពជារៀងរាល់ឆ្នាំដោយ Global Finance ចាប់តាំងពីឆ្នាំ១៩៩៤ បានដាក់ចំណាត់ថ្នាក់ដល់ទេសាបាលធនាគារកណ្តាលនៃប្រទេសជិត១០០ ក៏ដូចជាសហភាពអឺរ៉ុប ធនាគារកណ្តាលការាបៀនខាងកើត ធនាគារនៃរដ្ឋអាហ្វ្រិកកណ្តាល និង ធនាគារកណ្តាលនៃរដ្ឋអាហ្វ្រិកខាងលិច។
នៅក្នុងនោះដែរ លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា ក៏ទទួលបានចំណាត់ថ្នាក់ខ្ពស់ A- ជាទេសាភិបាលមួយដែលដឹកនាំធនាគារកណ្តាលមានប្រសិទ្ធភាពប្រចាំឆ្នាំ២០២៤ នៅលើពិភពលោក។ ចំណាត់ថ្នាក់ ដែលផ្ដល់ដោយ Global Finance គឺផ្អែកលើមាត្រដ្ឋាន «A+» ដល់ «F»សម្រាប់ភាពជោគជ័យនៅក្នុងផ្នែកដូចជា ការគ្រប់គ្រងអតិផរណា គោលដៅកំណើនសេដ្ឋកិច្ច ស្ថិរភាពរូបិយប័ណ្ណ និងការគ្រប់គ្រងអត្រាការប្រាក់។ ខណៈ«A» តំណាងឱ្យការធ្វើការដ៏ល្អប្រសើរ និង«F»សម្រាប់ការបរាជ័យទាំងស្រុង។
សូមជម្រាបថា ចំណាត់ថ្នាក់នេះ ក៏ត្រូវបានប្រគល់ជូនឥស្សរជនល្បីៗក្នុងវិស័យហិរញ្ញវត្ថុលើពិភពលោកដូចជា លោកស្រី Christine Lagarde ប្រធានធនាគារកណ្តាលអឺរ៉ុប លោក Jerome H. Powell ប្រធានធនាគារកណ្តាលអាមេរិក និងលោក Eli Remolona ទេសាភិបាលធនាគារកណ្តាលហ្វីលីពីន ជាដើម៕