Cctimesw1140xh150cm copy

ក្រសួងព័ត៌មាន បោះពុម្ព«ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន»២ម៉ឺនច្បាប់ ចែកជូនអ្នកសារព័ត៌មាន

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ក្រោយពីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤ ថ្មីៗនេះ បន្ទាប់ពីបានចំណាយពេលតាក់តែងចងក្រងជាង៤ខែ, ក្រសួងព័ត៌មាន បានបោះពុម្ពធម្មនុញ្ញវិជ្ជាជីវៈ សារព័ត៌មានចំនួន ២០,០០០ច្បាប់ សម្រាប់ចែកជូនអ្នកសារព័ត៌មាន យកទៅអាននិងអនុវត្ត ក្នុងគោលបំណងតម្រង់ទិសអ្នកសារព័ត៌មានកុំឱ្យដើរហួសដែនកំណត់នៃច្បាប់ និងសិទ្ធិដែលខ្លួនមាន និងដើម្បីលើកកម្ពស់តម្លៃវិជ្ជាជីវៈសារព័ត៌មាន។

ក្រសួងព័ត៌មាននឹងចែកជូនកូនសៀវភៅធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាននេះដល់អ្នកសារព័ត៌មាន និងអ្នកពាក់ព័ន្ធទាំងអស់ដោយឥតគិតថ្លៃ។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានលើកឡើងថា ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកម្ពុជាដែលជាសមិទ្ធផលមួយក្នុងចំណោមសមិទ្ធផលជាច្រើនសម្រេចបានដោយក្រសួងព័ត៌មានក្នុងរយៈពេលមួយឆ្នាំមកនេះ នឹងជួយលើកកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន​ អ្នកធ្វើសកម្មភាពក្នុងវិស័យព័ត៌មាននិងសោតទស្សន៍។ នេះជាលើកទី១ ដែលកម្ពុជាមានធម្មនុញ្ញក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានដែលជាមូលដ្ឋានគ្រឹះនៃក្រមសីលធម៌វិជ្ជាជីវៈដែលត្រូវបានបង្កើតឡើងដោយអ្នកសារព័ត៌មាន ដើម្បីអ្នកសារព័ត៌មាន និងសម្រាប់អ្នកសារព័ត៌មាន។

លោក នេត្រ ភក្ត្រា បានបន្តថា«ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកម្ពុជា» នេះ មិនមែនជាក្រមសីលធម៌ធម្មតានោះទេ ប៉ុន្តែ វាជាមូលដ្ឋានគ្រឹះនៃក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ដែលសមាគម និងអង្គភាពសារព័ត៌មានអាចយកជាមូលដ្ឋានក្នុងការពង្រីកនិងបង្កើតជាក្រមសីលធម៌សម្រាប់ការអនុវត្តសម្រាប់សមាគម អង្គភាពសារព័ត៌មានរបស់ខ្លួន។ ចំណុចនេះជាមូលដ្ឋានរួមដែលមិនអាចនរណាម្នាក់បកស្រាយផ្សេងពីគ្នាបាននោះទេ ប៉ុន្តែ ត្រូវឈរនៅលើមូលដ្ឋានគោលការណ៍រួមតែមួយ។

ដំណើរការរៀបចំធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន បានប្រព្រឹត្តទៅប្រកបដោយការបើកទូលាយនិងបរិយាបន្ន ចាប់ផ្តើមតាំងពីខែមេសា ឆ្នាំ២០២៤មក ដោយមានការចូលរួមយ៉ាងច្រើនពីអ្នកសារព័ត៌មាន អង្គភាពសារព័ត៌មាន សមាគមអ្នកសារព័ត៌មាននៅកម្ពុជា និងអង្គការដៃគូ ក្នុងការពិភាក្សា ការផ្លាស់ប្តូរយោបល់ ការលើកឡើងជាសំណូមពរ យ៉ាងទូលំទូលាយ ព្រមទាំងបានផ្តល់នូវធាតុចូលសម្រាប់ការរៀបចំធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានឡើង ក្នុងគោលបំណងរួមគ្នារៀបចំសណ្តាប់ធ្នាប់ និងលើកកម្ពស់គុណតម្លៃវិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា។

សូមបញ្ជាក់ថា «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកម្ពុជា» បានផ្តើមរៀបចំចងក្រងកាលពីខែមេសា ឆ្នាំ២០២៤ ដោយមានការចូលរួមផ្តល់មតិយោបល់ពីអ្នកសារព័ត៌មាន អង្គភាពសារព័ត៌មាន សមាគមអ្នកសារព័ត៌មាន អង្គការ UNESCO និងអ្នកពាក់ព័ន្ធផ្សេងទៀត។ «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកម្ពុជា» នេះ មានកម្រាស់ ១៤ទំព័រ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកម្ពុជាបែងចែកជា ៤ជំពូកធំៗ និងមាន៧ផ្នែកក្នុងជំពូកទី២ ដែលនិយាយពីគោលការណ៍គ្រឹះជាមូលដ្ឋាននៃវិជ្ជាជីវៈសារព័ត៌មាន និងការផ្សព្វផ្សាយព័ត៌មាន៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង