ភ្នំពេញ៖ សហរដ្ឋអាម៉េរិក នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ បានបង្ហាញអារម្មណ៍រីករាយ ក្នុងការចូលរួមកម្មវិធីប្រគល់ទទួលវត្ថុបុរាណចំនួន ៥៦រូប ដែលត្រូវបានលួចចេញពីកម្ពុជាអំឡុងពេលមានសង្គ្រាម ប្រគល់ជូនប្រជាជនកម្ពុជាវិញ។
អ្នកស្រី Bridgette Walker ភារធារីស្ថានទូតសហរដ្ឋអាម៉េរិកនៅភ្នំពេញ បានថ្លែងតាមរយៈលិខិតមកកាន់ ស៊ីស៊ីថាមស៍ សហរដ្ឋអាម៉េរិក គឺជាដៃគូប្រកបដោយការប្តេជ្ញាចិត្ត និង ជាទីទុកចិត្តក្នុងការការពារទ្រព្យសម្បត្តិវប្បធម៌របស់កម្ពុជា។ ការនាំយកវត្ថុបុរាណ ដែលត្រូវបានលួច មកកាន់កន្លែងដើមវិញ គឺជារឿងត្រឹមត្រូវដែលត្រូវធ្វើ។
បើតាមមន្ត្រីរូបនេះ គិតមកដល់ពេលនេះ អាម៉េរិក បានធ្វើការសម្របសម្រួល ក្នុងការបញ្ជូនត្រឡប់មកវិញនូវត្ថុបុរាណចំនួន ១៥០រូប ដែលក្នុងនោះ រួមមានព្រះគណេស ជាដំរីព្រះក្នុងសាសនាហិណ្ឌូ និង រូបចម្លាក់ព្រះស្កន្ធគង់លើក្ងោក ជារចនាបទសតវត្សទី ១០ ដែលរូបចម្លាក់ទាំងពីរនេះត្រូវបានដាក់តាំងនៅ សារមន្ទីរជាតិកម្ពុជា រាជធានីភ្នំពេញ។
ការប្រគល់វត្ថុបុរាណទាំងនេះ អាចធ្វើទៅបានក្រោមអនុស្សរណៈយោគយល់គ្នាផ្នែកសម្បត្តិវប្បធម៌ រវាងកម្ពុជា និងអាម៉េរិក ដែលប្រទេសទាំងពីរបានជុះហត្ថលេខាបន្តនៅខែសីហា ឆ្នាំ២០២៣ សម្រាប់រយៈពេលបន្ថែមចំនួន ៥ឆ្នាំទៀត។ ចាប់តាំងពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងដំបូងនាឆ្នាំ២០០៣ អាម៉េរិក ក៏បានជួយបណ្ដុះបណ្ដាលអ្នកជំនាញការពារបេតិកភណ្ឌសម្បត្តិវប្បធម៌ បង្ការការលួចវត្ថុបុរាណ ហើយបានធ្វើការសម្រាបសម្រួលក្នុងការបញ្ជូនត្រឡប់មក ពីបុគ្គល វិចិត្រសាលឯកជន នៅទូទាំងសហរដ្ឋអាម៉េរិក នូវវត្ថុបុរាណដែលត្រូវគេលួចយកចេញទៅ៕