ភ្នំពេញ៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងជំនួបសម្តែងការគួរសមជាមួយ លោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នាថ្ងៃទី ២២សីហា ឆ្នាំ២០២៤ លោករដ្ឋមន្រ្តីបានស្នើភាគីចិនឲ្យបន្តគាំទ្រដល់កម្ពុជាបន្ថែមទៀត ពិសេសគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក៏ដូចជាជំរុញការវិនិយោគឯកជន និងទាក់ទាញភ្ញៀវទេសចរណ៍ចិនមកកម្ពុជា។
នាឱកាសនោះ លោករដ្ឋមន្រ្តីបានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងអបអរសាទរចំពោះលោក Wang Wenbin ដែលត្រូវបានរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិនតែងតាំងជាឯកអគ្គរដ្ឋទូតថ្មី ប្រចាំកម្ពុជា។ លោករដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋប្រមានិតចិន ដែលតែងតែផ្តល់ការគាំទ្រ និងរួមចំណែកក្នុងកិច្ចអភិវឌ្ឍន៍របស់កម្ពុជា ពិសេសក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ។
ទន្ទឹមនេះ លោករដ្ឋមន្រ្តីក៏បានជម្រាបជូនលោកឯកអគ្គរដ្ឋទូតចិន អំពីចក្ខុវិស័យរបស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា សម្រាប់វិស័យសាធារណការ និងដឹកជញ្ជូន តាមរយៈយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ពិសេសផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣ ដែលផ្តោតអាទិភាពចម្បងលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទាំងផ្នែករឹង និងទន់ សំដៅបង្កើនការតភ្ជាប់ និងភាពប្រទាក់ក្រឡា ដើម្បីរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច និងភាពប្រកួតប្រជែងរបស់កម្ពុជា។
ជាមួយគ្នានេះ លោករដ្ឋមន្រ្តីសង្ឃឹមជឿជាក់ថា រដ្ឋាភិបាលចិននឹងបន្តគាំទ្រដល់កម្ពុជាបន្ថែមទៀត ពិសេសគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក៏ដូចជាជំរុញការវិនិយោគឯកជន និងទាក់ទាញភ្ញៀវទេសចរណ៍ចិនមកកម្ពុជា។
ជាការឆ្លើយតប លោកឯកអគ្គរដ្ឋទូតបានថ្លែងអំណរគុណលោករដ្ឋមន្រ្តីចំពោះការសា្វគមន៍យ៉ាងកក់ក្តៅ និងមានក្តីសោមនស្សរីករាយក្នុងការបានបំពេញបេសកកម្មការទូតនៅកម្ពុជា ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងចិន និងកម្ពុជាក្នុងវិស័យសាធារណការ និងដឹកជញ្ជូននាពេលកន្លងមក។
ជាមួយគ្នានេះ លោកឯកអគ្គរដ្ឋទូតក៏បានសម្តែងការអបអរសាទរចំពោះខួប១ឆ្នាំ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលសម្រេចបានក្នុងរយៈពេល១ឆ្នាំនេះ ព្រមទាំងសន្យាបន្តគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាលើគ្រប់វិស័យ ពិសេសវិស័យសាធារណការ និងដឹកជញ្ជូន។
ជាចុងក្រោយ លោករដ្ឋមន្រ្តី ប៉េង ពោធិ៍នា និងលោកឯកអគ្គរដ្ឋទូត Wang Wenbin បានប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងកម្ពុជា និងចិន ដើម្បីឈានទៅសម្រេចបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត៕