ភ្នំពេញ៖ ដំណើរទស្សនកិច្ចសិក្សាទៅកាន់ប្រទេសសិង្ហបុរី របស់សិស្សជ័យលាភីថ្នាក់ជាតិក្នុងកម្មវិធីតិចណូវេសិន ឆ្នាំ២០២៤ ត្រូវបានបញ្ចប់។ នៅក្នុងដំណើរទស្សនកិច្ចសិក្សាយុវជនជ័យលាភីទាំង៤រូប បានទៅទស្សនកិច្ចសិក្សានៅក្រុមហ៊ុនធំៗនិងសាលារៀននៅប្រទេសសិង្ហបុរីដូចជា Grab, Kaplan Higher Education Academy, និង Block71។
សិស្សជ័យលាភីថ្នាក់ជាតិក្នុងកម្មវិធីតិចណូវេសិន ឆ្នាំ២០២៤ (Technovation Girls Cambodia 2024) បានធ្វើដំណើរទស្សនកិច្ចសិក្សាទៅកាន់ប្រទេសសិង្ហបុរី និងបានបញ្ចប់ដោយជោគជ័យជាមួយនិងឱកាសទៅទស្សនកិច្ចសាលាអន្តរជាតិ Kaplan Higher Education Academy ដើម្បីស្វែងយល់ពីឱកាសក្នុងការសិក្សានៅក្រៅប្រទេស ការចែករំលែកពីអ្នកជំនាញពីក្រុមហ៊ុន Grab អំពីដំណើរការរបស់ក្រុមហ៊ុន បទពិសោធន៍ការងារនៅក្នុងវិស័យបច្ចេកវិទ្យា ជាមួយនិងឱកាសហាត់ការសម្រាប់សិស្សានុសិស្ស និងជាចុងក្រោយគឺដំណើរទស្សនកិច្ចទៅកាន់ Block71 ដែលជាបណ្តាញសហគមន៍ Start up ដើម្បីយល់ដឹងពីប្រព័ន្ធអេកូឡូស៊ីដែលផ្តោតលើបច្ចេកវិទ្យានៅក្នុងប្រទេសសិង្ហបុរី។
ដំណើរសិក្សានេះបានផ្តល់នូវបទពិសោធន៍ និងការបំផុសគំនិតថ្មីៗជាច្រើនដល់យុវជនម្ចាស់ជ័យលាភី ដែលផ្តល់ឱ្យពួកគេចេះកំណត់នូវទស្សនៈ និងសក្តានុពលរបស់ខ្លួន បង្កើនទំនុកចិត្តលើខ្លួនឯង និងឈោងចាប់យកក្តីស្រមៃ។ ក្រោមការបណ្ដុះបណ្ដាល និងឱកាសដែលទទួលបានពីកម្មវិធី Technovation Girls Cambodia យុវនារីទាំងអស់អាចក្លាយជាបុគ្គលម្នាក់ដែលមានសមត្ថភាព ទំនុកចិត្ត និង ពោរពេញដោយក្ដីស្រមៃ ក្នុងការបន្តដំណើរឆ្ពោះទៅសម្រេចគោលដៅដ៏ធំធេងជាងនេះទៀតសម្រាប់ខ្លួនឯង និង សង្គមជាតិទាំងមូល៕