681 ezgif.com resize
Moneygramott moi1280x163px

ក្រសួងការពារជាតិ ច្រានចោលការផ្សាយមិនពិតថា កងទ័ពធ្វើរដ្ឋប្រហាររាជរដ្ឋាភិបាល

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការពារជាតិ នៅថ្ងៃទី ២២សីហានេះ បានធ្វើសេចក្តីថ្លែងការណ៍មួយ ច្រានចោល ការចុះផ្សាយមិនពិតថា «កងទ័ពធ្វើរដ្ឋប្រហារចាប់ខ្លួនសម្ដេច ហ៊ុន ម៉ាណែត និងសម្តេច ហ៊ុន សែន»។ អ្នកនាំពាក្យ បានចាត់ទុកការផ្សាយនេះ គឺជាទង្វើទុច្ចរិតដ៏អាក្រក់ និង ព្រមានចាត់វិធានការច្បាប់ ដោយគ្មានលើកលែងឡើយ ចំពោះក្រុមជ្រុលនិយម។

សេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិនេះធ្វើឡើង ក្រោយឃើញមានឃ្លីបវីដេអូមួយជាភាសាចិន ដែលបានផ្សព្វផ្សាយព័ត៌មានមិនពិត ថា សម្ដេច ទៀ បាញ់ អតីតប្រមុខការពារជាតិ និង នាយឧត្តមសេនីយ៍ ទៀ សីហា ប្រមុខការពារជាតិបច្ចុប្បន្ន ព្រមទាំងថ្នាក់ដឹកនាំនៃកងយោធពលខេមរភូមិន្ទ បានដឹកនាំកងទ័ពធ្វើរដ្ឋប្រហារទម្លាក់រាជរដ្ឋាភិបាល និងបានសម្រុកចូលទីស្ដីការគណៈរដ្ឋមន្ត្រី ចាប់សម្ដេច ហ៊ុន ម៉ាណែត និងចូលក្នុងគេហដ្ឋានរបស់សម្ដេច ហ៊ុន សែន។

ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានប្រកាសបដិសេធចំពោះការផ្សាយឃ្លីបវីដេអូមួយនេះ ដែលបានចោទប្រកាន់ដោយគ្មានភ័ស្តុតាង មកលើថ្នាក់ដឹកនាំកងយោធពលខេមរភូមិន្ទ ដែលជានិច្ចជាកាល គឺជាកងកម្លាំងស្មោះត្រង់ដាច់ខាតចំពោះរាជរដ្ឋាភិបាល ស្របច្បាប់ដែលកើតចេញពីបោះឆ្នោត និងប្រកាន់ជំហរយ៉ាងរឹងមាំឥតងាករេក្នុងការការពារជាតិ សាសនា ព្រះមហាក្សត្រ និងរដ្ឋធម្មនុញ្ញ។

អ្នកនាំពាក្យរូបនេះ បានគូសបញ្ជាក់ថា ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន នៃក្រសួងការពារជាតិ ក៏ដូចជាកងយោធពលខេមរភូមិន្ទ នៅតែបន្តប្ដេជ្ញាគាំទ្រឥតងាករេចំពោះរាជរដ្ឋាភិបាលស្របច្បាប់ ក្រោមការដឹកនាំរបស់សម្ដេច ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី និងប្ដេជ្ញាកម្ទេចចោលរាល់មជ្ឈដ្ឋានជ្រុលនិយមទាំងឡាយណាដែលចង់បំផ្លាញសាមគ្គីផ្ទៃក្នុងជាតិ សុខសន្តិភាព ស្ថិរភាពជាតិ សណ្ដាប់ធ្នាប់សង្គម និងសុខក្សេមក្សាន្តរបស់ប្រជាជន ទោះក្នុងតម្លៃណាក៏ដោយ៕

Khcct banner

អត្ថបទទាក់ទង