ភ្នំពេញ៖ និស្សិតជ័យលាភីអាហារូបករណ៍ AFD-EDC- EC, IDEX និងGS@UGA ចំនួន ៧រូប នឹងទៅបន្ដការសិក្សាសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេសបារាំងឆាប់ៗនេះ។ នៅក្នុងនោះ និស្សិតចំនួន ៦រូប នឹងសិក្សាលើជំនាញ Smart Grids and Buildings និងនិស្សិត ១រូប សិក្សាលើជំនាញ Mobile Autonomous and Robotic Systems។
ឆ្នាំសិក្សា ២០២៤-២០២៥ និស្សិតជ័យលាភីអាហារូបករណ៍ AFD-EDC- EC, IDEX និង GS@UGA ចំនួន ៧រូប មកពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ត្រូវបានជ្រើសរើសដោយសាកលវិទ្យាល័យ Université Grenoble Alpes នៃសាធារណរដ្ឋបារាំង ដើម្បីបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់លើមុខជំនាញផ្សេងៗ ដែលក្នុងនោះ និស្សិតចំនួន ៦រូប សិក្សាលើជំនាញ Smart Grids and Buildings និងនិស្សិត ១រូប សិក្សាលើជំនាញ Mobile Autonomous and Robotic Systems។
នៅក្នុងជំនួបសម្ដែងការគួរសម និងសំណេះសំណាលជាមួយក្រុមនិស្សិតជ័យលាភី អាហារូបករណ៍ AFD-EDC- EC, IDEX និងGS@UGA លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានផ្តល់អនុសាសន៍ណែនាំដល់និស្សិតអាហារូបករណ៍ទាំងអស់ ឱ្យប្រឹងប្រែងយកចិត្តទុកដាក់ផ្ដោតលើការសិក្សាទាំងទ្រឹស្តី និងការអនុវត្ត និងត្រូវខិតខំប្រឹងប្រែងក្រេបជញ្ជក់ចំណេះដឹង កសាងសមត្ថភាពដើម្បីអភិវឌ្ឍន៍ខ្លួនឱ្យទៅជាអ្នកជំនាញច្បាស់លាស់ក្នុងអាជីព ហើយយកចំណេះជំនាញត្រលប់មកចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែរីកចម្រើនបន្ថែមទៀត៕