ភ្នំពេញ៖ លោក ហែម ច័ន្ទសុភ័ក្រ្ត រៀបចំ «ផ្សារសួនម្លប់កសិកម្មលើកទី៣» នៅថ្ងៃ ០៧-០៨ កញ្ញា នៅ Maloop ដេលមានទីតាំងនៅផ្លូវតាផុន ខាងលិចផ្លូវ ២៧១ ចម្ងាយ ៣០០ម៉ែត្រ ធ្វើឡើងពីម៉ោង ៩ ព្រឹក ដល់ ម៉ោង ៥ល្ងាច។
លោក ហែម ច័ន្ទសុភ័ក្រ្ត បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា នេះជាលើកទី៣ ហើយដែលបានរៀបចំ ផ្សារសួនម្លប់កសិកម្ម ដែលឆ្នាំ២០២៤នេះ លោកនឹងផ្តោតទៅលើ ផលិតផលកសិកម្មក្នុងស្រុក និងចំណីអាហារមានសុវត្ថិភាព។ ផ្សារសួនម្លប់កសិកម្ម នឹងប្រព្រឹត្តទៅនៅថ្ងៃទី ០៧-០៨ កញ្ញា ដែលនឹងបង្ហាញពីបន្លែ ផ្លែឈើស្រស់ៗ មានសុវត្ថិភាព និងផលិតផលកសិកម្មដ៏មានឱជារសជាច្រើនមុខពីកសិករ សហគមន៍កសិកម្ម និងក្រុមហ៊ុនក្នុងស្រុកដែលមានស្តង់ដារ។
លោក ហែម ច័ន្ទសុភ័ក្រ្ត ជាយុវជនមួយរូបដែលមានទេពកោសល្យក្នុងការរៀបចំកម្មវិធីជាច្រើនដែលមានដូចជា ការតាំងពិព័រណ៍សិល្បៈ ការរៀបចំពិព័រណ៍រុក្ខជាតិ និងផ្សេងៗទៀតជាច្រើន។ កម្មវិធី ផ្សារសួនម្លប់ជាកម្មវិធីមួយក្នុងចំណោមកម្មវិធីដែលលោកបានរៀបចំប៉ុន្មានឆ្នាំមកនេះ ដោយមានគោលបំណងក្នុងការប្រមូលផ្តុំសាធារណជនបានទស្សនា និងអាចយល់ដឹងពីផលិតផលក្នុងស្រុក និងអាហារដែលមានសុវត្ថិភាព ។
កម្មវិធីសួនផ្សារម្លប់នេះ មានស្តង់លក់ចំណីអាហារ និងភេសជ្ជៈផ្សេងៗជាចម្រុះ ក្នុងបរិយាកាសរីករាយ និងស្រស់ស្រាយ ដើម្បីឲ្យអ្នកចូលរួមទាំងអស់អាចលំហែអារម្មណ៍ក្នុងសួនច្បារដ៏ស្រស់ត្រដាល។ អ្នកចូលរួមក៏អាចរៀនជំនាញថ្មីៗ តាមរយៈសិក្ខាសាលា និងកិច្ចពិភាក្សាដែលនឹងត្រូវបានសហការណ៍រៀបចំក្នុងកម្មវិធី។ក្រៅពីសកម្មភាពពាក់ព័ន្ធនឹងកសិកម្ម កម្មវិធីក៏មានស្សនីយភាពសិល្បៈចម្រៀង និងរបាំពីសិល្បករជាច្រើនរូប ចាប់ពីម៉ោង ៥:៣០ល្ងាច ដល់ម៉ោង ៧ល្ងាច នៅឆាកដែលនឹងរៀបចំនៅវាលស្មៅខាងក្រោយផងដែរ។ កម្មវិធីនឹងប្រព្រឹត្តទៅនៅ Maloop ដេលមានទីតាំងនៅផ្លូវតាផុន ខាងលិចផ្លូវ ២៧១ ចម្ងាយ ៣០០ម៉ែត្រ ធ្វើឡើងពីម៉ោង ៩ ព្រឹក ដល់ ម៉ោង ៥ល្ងាច។
គួរបញ្ជាក់ផងដែរថា ផ្សារសួនម្លប់កសិកម្ម ត្រូវបានរៀបចំឡើងក្រោមការសហការរវាងផ្ទះចាស់ និង ក្រុមហ៊ុនដាវ៉ាន់ ក្នុងគោលបំណង លើកកម្ពស់ការអភិវឌ្ឍនៃគុណភាពនៃផលិតផលកសិកម្មក្នុងស្រុក ព្រមទាំង អនុញ្ញាតឱ្យសាធារណជនឈ្វេងយល់ពីសារៈសំខាន់នៃការគាំទ្រផលិតផលក្នុងស្រុកផងដែរ៕