ភ្នំពេញ៖ ក្រុម GCodey ដែលជាម្ចាស់ជ័យលាភីជើងឯកថ្នាក់ជាតិក្នុងកម្មវិធីតេចណូវេសិន ២០២៤ បានធ្វើដំណើរទស្សនកិច្ចសិក្សាទៅកាន់ប្រទេសសិង្ហបុរី កាលពីថ្ងៃទី១៨ សីហា។ យុវជនទាំង៤រូបនេះ នឹងទៅទស្សនកិច្ចសិក្សានៅក្រុមហ៊ុនធំៗនិងសាលារៀននៅប្រទេសសិង្ហបុរីដូចជា Grab, Kaplan Higher Education Academy, និង Block71។
យុវជនមួយក្រុម ដែលមានសមាជិក៤រូប និងជាម្ចាស់ជ័យលាភីជើងឯកថ្នាក់ជាតិក្នុងកម្មវិធីតេចណូវេសិន ២០២៤ បានធ្វើដំណើរទស្សនកិច្ចសិក្សាទៅកាន់ក្រុមហ៊ុនធំៗនិងសាលារៀននៅប្រទេសសិង្ហបុរីដូចជា Grab, Kaplan Higher Education Academy, និង Block71 ដែលពួកគេនឹងមានឱកាសក្នុងការបង្កើនទំនាក់ទំនង ទទួលចំណេះដឹងថ្មីៗ ក៏ដូចជាសែ្វងយល់អំពីភាពជឿនលឿននៃវិស័យអបរំ និងបច្ចេកវិទ្យាផងដែរ។
សូមជម្រាបថា កម្មវិធីតេចណូវេសិន (Technovation» ជាកម្មវិធីមួយដែលផ្តល់ឱកាសដល់ក្មេងស្រីអភិវឌ្ឍសមត្ថភាពផ្នែកបច្ចេកវិទ្យា និងសហគ្រិនភាពឆ្លើយតបបញ្ហាក្នុងសង្គម។ តេចណូវេសិន ២០២៤ មានយុវជន៤ក្រុម បានជាប់ជ័យលាភី រួមមាន ក្រុម Futuristic Youth ទទួលបានជ័យលាភីប្រជាប្រិយភាពថ្នាក់ជាតិ, ក្រុម Smart Kid ទទួលបានជ័យលាភីសហគ្រិនវ័យក្មេងថ្នាក់ជាតិកម្រិតបឋមសិក្សា, ក្រុម techteen ទទួលបានជ័យលាភីសហគ្រិនវ័យក្មេងថ្នាក់ជាតិកម្រិតអនុវិទ្យាល័យ, និងក្រុម GCodey ទទួលបានជ័យលាភីជើងឯកថ្នាក់ជាតិ៕