
ភ្នំពេញ៖ សាកលវិទ្យាល័យខេមតិច នៅថ្ងៃទី១៧សីហា ឆ្នាំ២០២៤ បានប្រារព្ធព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រដ៏សំខាន់មួយ ជាមួយនឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់មូលនិធិរវាង «មូលនិធិអប់រំ ទូច សុន្ទរ៍» (Touch Sonn Foundation) ដើម្បីផ្តល់ការគាំទ្រដល់និស្សិតដែលជួបការលំបាកផ្នែកហិរញ្ញវត្ថុ សម្រាប់ការបន្តការសិក្សានៅឧត្តមសិក្សា។ មូលនិធិ ទូច សុន្ទរ៍ បានបរិច្ចាគថវិកាចំនួន ៣០០,០០០ ដុល្លារអាមេរិក ដល់សាកលវិទ្យាល័យខេមតិច ក្នុងការជួយសម្រួលដល់និស្សិតដែលមានតម្រូវការផ្នែកហិរញ្ញវត្ថុ ការកែលម្អកម្មវិធីសិក្សា និងការកសាងហេដ្ឋារចនាសម្ព័ន្ធរួមមាន សម្ភារបង្រៀននិងរៀន បន្ទប់ពិសោធន៍ អន្តេវាសិកដ្ឋានជាដើម។
មូលនិធិនេះមានគោលបំណងផ្តល់ឱកាសដល់សិស្សានុសិស្សដែលមានទេពកោសល្យមានលទ្ធភាពបន្តការសិក្សានៅកម្រិតឧត្តមសិក្សា និងក្រោយបរិញ្ញាបត្រលើមុខជំនាញមុខជំនាញស្ទែម (STEM)។ គំនិតផ្តួចផ្តើមយុទ្ធសាស្ត្រនេះ ស្របទៅនឹងតម្រូវការទីផ្សារនាពេលបច្ចុប្បន្ន និងអនាគត ដើម្បីរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជីឌីថលនៅកម្ពុជា។
លោក ទូច សំណាង តំណាងក្រុមគ្រួសាររបស់ «មូលនិធិ ទូច សុន្ទរ៍» បានចែករំលែកទស្សនវិស័យរបស់មូលនិធិថា៖ «បិតាស្ថាបនិករបស់យើង គឺលោកឪពុក ទូច សុន្ទរ៍ មានជំនឿថាការអប់រំគឺជាមរតកដ៏អស្ចារ្យបំផុត ហើយគាត់បានបណ្តុះយើងពីសារៈសំខាន់នៃការជួយមនុស្ស និងសង្គមតាមរយៈការអប់រំប្រកបដោយគុណភាព។ ក្នុងន័យនេះ យើងខ្ញុំមានបំណងបន្តបណ្តាំរបស់គាត់ (លោកឪពុក) ដោយផ្តល់នូវលទ្ធភាពទទួលបានការអប់រំប្រកបដោយគុណភាពសម្រាប់សិស្សានុសិស្ស”។
មូលនិធិ ទូច សុន្ទរ៍ បានបរិច្ចាគថវិកាចំនួន ៣០០,០០០ ដុល្លារអាមេរិក ដល់សាកលវិទ្យាល័យខេមតិច ដើម្បីផ្តល់ឥណទានសិក្សាដល់និស្សិតក្នុងអត្រាការប្រាក់ទាប។ នេះជាអំណោយដំបូងគេបង្អស់ដែលបានបរិច្ចោកថវិកាមកកាន់មូលនិធិសាកលវិទ្យាល័យខេមតិច (CamTech’s Endowment fund)ដែលត្រូវបានបង្កើតឡើង ក្នុងគោលបំណងជួយសម្រួលដល់និស្សិតដែលមានតម្រូវការផ្នែកហិរញ្ញវត្ថុ ការកែលម្អកម្មវិធីសិក្សា និងការកសាងហេដ្ឋារចនាសម្ព័ន្ធរួមមាន សម្ភារបង្រៀននិងរៀន បន្ទប់ពិសោធន៍ អន្តេវាសិកដ្ឋានជាដើម។
លោកសាស្ត្រាចារ្យបណ្ឌិត ឃៀង សុធី ជាសាកលវិទ្យាធិការស្ថាបនិកនៃសាកលវិទ្យាល័យខេមតិច បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្ររបស់មូលនិធិ ដោយបញ្ជាក់ថា មូលនិធិដែលទទួលបាននេះនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសាកលវិទ្យាល័យកាន់តែមាននិរន្តរភាពផ្នែកហិរញ្ញវត្ថុ និងបង្កើនអត្រាចុះឈ្មោះចូលរៀនរបស់និស្សិត ជាពិសេសក្នុងចំណោមនិស្សិតស្រី និងអ្នកដែលមកពីតំបន់ដាច់ស្រយាល តាមរយៈការជួយសម្រាលការលំបាកផ្នែកហិរញ្ញវត្ថុ។ សាកលវិទ្យាល័យ នឹងប្រើប្រាស់មូលនិធិនេះឱ្យចំគោលដៅនិស្សិត និងប្រកបដោយប្រសិទ្ធភាព។
សូមជម្រាបថា សាកលវិទ្យាល័យខេមតិច ត្រូវបានបង្កើតឡើងដោយមានចក្ខុវិស័យ ដើម្បីក្លាយជាគ្រឹះស្ថានឧត្តមសិក្សាឈានមុខគេខាងវិស័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រ ហើយបេសកកម្មរបស់យើង គឺផ្តល់ការអប់រំប្រកបដោយគុណភាពខ្ពស់ និងលើកកម្ពស់ឧត្តមភាពសិក្សាតាមរយៈនវានុវត្តន៍ និងសហគ្រិនភាព៕