ភ្នំពេញ៖ ជនសង្ស័យម្នាក់ដែលក្លែងបន្លំខ្លួនជាសមត្ថកិច្ចនគរបាលជាតិត្រូវបានកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វេីការឃាត់ខ្លួន និងបញ្ជូនទៅតុលាការដេីម្បីអនុវត្តតាមនីតិវិធីច្បាប់
ជនសង្ស័យម្នាក់ឈ្មោះ ប៉ាង កាក់ទិការ ( សម្បត្តិ សក្កដា ) ហៅ ឆាង ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ ដែលបានក្លែងបន្លំធ្វេីជាសមត្ថកិច្ចនគរបាលជាតិ ត្រូវបានសមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វេីការឃាត់ខ្លួននៅចំណុចផ្លូវកម្ពុជាក្រោម កែងផ្លូវ២៥៣ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក នឹងបានរៀបចំសំណុំឯកសារបញ្ជូនទៅតុលាការនៅថ្ងៃនេះដេីម្បីបន្តអនុវត្តតាមនីតិវិធីច្បាប់ ដោយចោទប្រកាន់ពីបទ ប្រេីប្រាស់ដោយខុសច្បាប់នូវសម្លៀកបំពាក់ជាអាទិ៍ សម្រាប់អាជ្ញាធរសាធារណ: ( ស្លៀកសម្លៀកបំពាក់ឯកសណ្ឋាននគរបាលជាតិ និងកងរាជអាវុធហត្ថ ) ប្រព្រឹត្តនៅរាជធានីភ្នំពេញ តាំងពីឆ្នាំ២០១៩ រហូតដល់បច្ចុប្បន្ន ។
តាមការស្រាវជ្រាវរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វេីការស្រាវជ្រាវរកឃេីញថាមានជនសង្ស័យម្នាក់បានបង្កេីតគណនីហ្វេសបុកក្លែងក្លាយមួយដែលដាក់ឈ្មោះថា ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បន្ទាប់ពីធ្វេីការស្រាវជ្រាវរួចមក ក្រុមការងារបានរកឃេីញថាជនម្នាក់នេះមិនត្រឹមតែលួចបង្កេីតហ្វេសបុកក្លែងក្លាយបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនោះទេ ថែមទាំងបានក្លែងបន្លំខ្លួនធ្វេីជាសមត្ថកិច្ចនគរបាលជាតិទៀតផង ។
បន្ទាប់ពីក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សស្រាវជ្រាវបានព័ត៌មានគ្រប់គ្រាន់ ក្រុមការងារបានធ្វេីការសហការផ្តល់ព័ត៌មានដល់ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយបានធ្វេីការស្រាវជ្រាវ និងឈានដល់ការចាប់ខ្លួនជនសង្ស័យម្នាក់នេះដែលមានឈ្មោះ ប៉ាង កាក់ទិការ ដេីម្បីរៀបចំសំណុំឯកសារបញ្ជូនបន្តទៅតុលាការដេីម្បីអនុវត្តតាមនីតិវិធីច្បាប់ ។
.jpg?1601434675)

