ប៉ាឡេស្ទីន៖ ក្រសួងសុខាភិបាលប៉ាឡេស្ទីនអះអាងកាលពីល្ងាចថ្ងៃពុធថាចំនួនអ្នកស្លាប់របស់ប្រជាជនប៉ាឡេស្ទីនពីការវាយប្រហាររបស់អ៊ីស្រាអែល ដែលកំពុងបន្តលើតំបន់ហ្គាហ្សាស្ទ្រីប បានកើនឡើងដល់ ៣៩,៩២៩នាក់ ខណៈមនុស្សចំនួន ៩២,២៤០នាក់បានរងរបួសនៅក្នុងតំបន់ហ្គាហ្សា ចាប់តាំងពីសង្គ្រាមបានផ្ទុះឡើងរវាងប៉ាឡេស្ទីន និងអ៊ីស្រាអែល កាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ២០២៣។
យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងសុខាភិបាលប៉ាឡេស្ទីនក្នុងរយៈពេល ៤៨ ម៉ោងកន្លងមក ប្រតិបត្តិការវាយប្រហាររបស់យោធារបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សាស្ទ្រីប បានបណ្តាលឱ្យមនុស្ស ៣២នាក់ស្លាប់ និង ៨៨នាក់រងរបួស។
ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋាភិបាលតំបន់ហ្គាហ្សាបានបញ្ចាក់ថា ចាប់តាំងពីជម្លោះបានផ្ទុះឡើងកាលពីខែតុលាឆ្នាំមុន មានកុមារជាង ១៦,០០០នាក់ និងស្ត្រីជាង ១១,០០០នាក់ នៅហ្គាហ្សាត្រូវបានសម្លាប់។ ក្នុងនោះ ប្រជាជនជាង ៦៩ ភាគរយនៃអ្នករបួសនៅតំបន់ហ្គាហ្សាភាគច្រើនគឺជាស្ត្រី និងកុមារ ហើយកុមារសរុបចំនួន ១៧,០០០នាក់នៅក្នុងតំបន់ត្រូវបាត់បង់ឪពុកម្តាយ។ បុគ្គលិកពេទ្យចំនួន ៨៨៥ នាក់ត្រូវបានសម្លាប់ មន្ទីរពេទ្យចំនួន ៣៤ បានបញ្ឈប់ការព្យាបាលអ្នកជំងឺ និងមជ្ឈមណ្ឌលវេជ្ជសាស្ត្រចំនួន ៨០ ត្រូវបានបង្ខំឱ្យបិទទ្វារ។
កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទ អះអាងថា អំឡុងពេលប្រតិបត្តិការពួកគេបានផ្តាច់ជីវិតពួកសកម្មប្រយុទ្ធប្រដាប់អាវុធប៉ាឡេស្ទីន ៣១នាក់ ក្នុងការទម្លាក់គ្រាប់បែកលើសាលារៀនមួយក្នុងទីក្រុងហ្គាហ្សា កាលពីថ្ងៃសៅរ៍។ អ្នកនាំពាក្យអ៊ីស្រាអែល លោក David Mencer បាននិយាយថា យោងតាមសំណើរបស់សហរដ្ឋអាម៉េរិក និងអ្នកសម្របសម្រួលផ្សេងទៀត អ៊ីស្រាអែលនឹងបញ្ជូនគណៈប្រតិភូទៅចូលរួមក្នុងកិច្ចចរចាបទឈប់បាញ់នៅថ្ងៃទី ១៥ ខែសីហានេះ៕